កែវ សុខផេង និយាយអ្វីខ្លះ ក្រោយមានមតិរិះគន់លើបណ្ដាញសង្គម?

មាស សុផាណារ៉ុង November 22, 2019


 

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ កីឡាករជួរមុខរបស់ក្រុមជម្រើសជាតិកម្ពុជា កែវ សុខផេង ត្រូវបានអ្នកគាំទ្រមួយចំនួន ធ្វើការរិះគន់ជាបន្ដបន្ទាប់ អំពីទម្រង់លេងរបស់សមាជិកក្រុមវិសាខារូបនេះ ជាក់ស្ដែងក្រោយលោក Felix G.Dalmas កោះហៅ សុខផេង មកបំពេញកូតាកីឡាករលើសអាយុ ២២ឆ្នាំ ចូលរួមជាមួយក្រុមជម្រើសជាតិ U22 កម្ពុជា ទៅប្រកួតកីឡាស៊ីហ្គេម នៅហ្វីលីពីន ក៏មានមតិរិះគន់មួយចំនួនផងដែរ។

ឆ្លើយតបជាមួយការរិះគន់ខាងលើ នៅព្រឹកថ្ងៃសុក្រនេះ ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំរូបនេះ បាននិយាយថា ខ្លួនបានដឹងអំពីការបញ្ចេញមតិរបស់បងប្អូនអ្នកគាំទ្រ តែរូបគេមិនបានអន់ចិត្ត ឬខឹងនោះទេ ផ្ទុយទៅវិញ សុខផេង បានអរគុណ និងទទួលយកគ្រប់មតិរិះគន់ទាំងអស់ ដើម្បីកែប្រែង និងអភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែប្រសើរ សម្រាប់ជួយក្រុមជម្រើសជាតិ និងដណ្ដើមលទ្ធផលល្អជូនអ្នកគាំទ្រទាំងអស់គ្នា។

សុខផេង បន្ដថា «ខ្ញុំតែងតែគោរពពួកគាត់ ព្រោះពួកគាត់រិះគន់ សម្រាប់ឲ្យកីឡាករល្អ ហើយយើងទទួលយកការរិះគន់របស់គាត់ ដើម្បីកែប្រែឲ្យកាន់តែល្អបន្ថែម។ យើងមិនអាចបន្ទោសគាត់ទេ ជួនកាលគាត់ចង់ឈ្នះអញ្ចឹងហើយ ប៉ុន្ដែយើងក៏ចង់ឈ្នះដូចគ្នា តែអ្វីដែលយើងចង់ឈ្នះ វាមិនដូចការរំពឹងទុករបស់យើងទេ។ តែអ្វីដែលយើងត្រូវធ្វើ គឺយើងត្រូវខំប្រឹងបន្ថែម អ្វីដែលយើងខ្វះខាត យើងត្រូវខំប្រឹងធ្វើបន្ថែម មានតែប៉ុណ្ណឹង យើងអរគុណគាត់ ដែលតែងតែគាំទ្រ និងតាមដានក្រុមជម្រើសជាតិយើង ព្រោះបើអត់ចំណែកពួកគាត់ បាល់ទាត់យើងក៏អត់រីកចម្រើនដែរ។»

គួរបញ្ជាក់ថា បច្ចុប្បន្ន កែវ សុខផេង បានទទួលបេសកកម្មថ្មី ក្នុងក្រុមជម្រើសជាតិ U-22 កម្ពុជា ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី២៥-វិច្ឆិកា ដល់ថ្ងៃទី១០-ធ្នូ ឆ្នាំ២០១៩ ខាងមុខ ក្នុងនាមកីឡាករលើអាយុ ២រូប ដែលត្រូវបានអនុញ្ញាតឲ្យក្រុមនីមួយៗ កោះហៅចូលរួម។

ចំពោះស៊ីហ្គេមឆ្នាំនេះ ក្រុម U-22 កម្ពុជា គឺស្ថិតក្នុងពូល A ជាមួយម្ចាស់ផ្ទះហ្វីលីពីន មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងទីម័រខាងកើត ខណៈពូល B គឺមានក្រុម U-22 ថៃ វៀតណាម ឡាវ ឥណ្ឌូណេស៊ី សិង្ហបុរី និងប្រ៊ុយណេ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់