លោក Honda មិនអាចដឹកនាំ U-22 កម្ពុជា ប្រកួតក្នុងស៊ីហ្គេម ក្រោយចេញបញ្ជីឈ្មោះ ២០នាក់ចុងក្រោយ
មាស សុផាណារ៉ុង November 21, 2019
ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ ចំនួន ២០នាក់ចុងក្រោយជាផ្លូវការ ដើម្បីត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( SEA Games 2019 ) ឆ្នាំ២០១៩ លើប្រភេទកីឡាបាល់ទាត់ វិញ្ញាសាបុរស ដែលហ្វីលីពីន ផ្ទាល់ធ្វើជាម្ចាស់ផ្ទះ នៅប៉ុន្មានថ្ងៃខាងមុខនេះ។
កីឡាករទាំង ២០នាក់នេះរួមមាន មកពីក្លឹបបាល់ទាត់នៅលីគកំពូលកម្ពុជា ដូចជាក្រសួងការពារជាតិ ( ២ នាក់ ), ភ្នំពេញក្រោន ( ៥នាក់ ), បឹងកេតអែហ្វស៊ី ( ៤នាក់ ), វិសាខា ( ៨នាក់ ) រួមទាំង យុវជនពីសាលាបាល់ទាត់ជាបាទី ១នាក់ផងដែរ។ ជាមួយគ្នាផងដែរជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ ក៏បានបញ្ជូលកីឡាករលើសអាយុ ២២ឆ្នាំ ២រូបផងដែរ ពោលគឺ កីឡាករ រ៊ឹង ប៊ុនហៀង របស់ក្រសួងការពារជាតិ និង កែវ សុខផេង របស់វិសាខា។
ចំពោះកីឡាករចំនួន ៨រូប ដែលត្រូវបានកាត់ចេញពីបញ្ជីចុងក្រោយជាមួយក្រុមជម្រើសជាតិឈុតធំរួមមាន សាវែង សំណាង, ប្រាក់ ធីវ៉ា (ភ្នំពេញក្រោន), លី វ៉ាហេទ (បឹងកេត), ឈង់ ប៊ុនណាត (អង្គរថាយហ្គឺរ), សាន គីមហេង និង ទៀត គីមហេង (វិសាខា), ណារ៉ុង កក្កដា (ក្រសួងការពារជាតិ) និង ឃៀង ម៉េងហួរ (ព្រះខ័នរាជស្វាយរៀង)
បញ្ជីឈ្មោះកីឡាករ ទាំង២០រូបចុងក្រោយ៖
ជាមួយគ្នាផងដែរ យោងតាមបញ្ជីនេះ លោក Keisuke Honda ដែលជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិ និងមិនអាចចូលរួមដឹកនាំ U-22 កម្ពុជា បានឡើយ ដ្បិតការប្រកួតនេះ គឺជាការប្រកួតមិនចំថ្ងៃ FIFA Day ហើយស្របពេលដែលលោកត្រូវទៅចូលរួមហ្វឹកហាត់ជាមួយក្លឹបថ្មី Vitesse នៃលីគកំពូលហូឡង់។
យ៉ាងណាតួនាទី គឺត្រូវរ៉ាប់រងដោយគ្រូបង្គោល លោក Felix G.Dalmas រួមជាមួយ លោក ភា សុភ័ក្ត្រា និងកីឡាករ គួច សុកុម្ភៈ ជាគ្រូជំនួយ ស្របពេលដែលកីឡាករ អ៊ុំ វិចិត្រ ជាគ្រូអ្នកចាំទី។
សូមបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ ត្រូវបានចាប់ឆ្នោតចូលពូល A ក្នុងការប្រកួតព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( SEA Games 2019 ) នៅប្រទេសហ្វីលីពីន ជាមួយម្ចាស់ផ្ទះហ្វីលីពីន ម៉ាឡេស៊ី, មីយ៉ាន់ម៉ា និងទីម័រខាងកើត ហើយគ្រោងចាប់ផ្ដើមនៅថ្ងៃទី២៦ ខែវិច្ឆិកា នឹងបញ្ចប់នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។
ព្រឹត្តិការណ៍នេះ ស្ថានីយទូរទស្សន៍ហង្សមាស ( Hangmeas HD TV ) បានទទួលសិទ្ធិផ្សាយបន្តផ្ទាល់ការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games 2019 ) លើប្រភេទកីឡាបាល់ទាត់ ផងដែរ៕
អត្ថបទ៖ ណារ៉ុង