លោក ហៅ សុជាតិ ត្រូវ​​ដំឡើង​ជានាយកបច្ចេកទេសគ្រប់គ្រង និងអភិវឌ្ឍន៍យុវជនរបស់ក្លឹប

មាស សុផាណារ៉ុង November 21, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់បឹងកេត បានចេញសេចក្ដីប្រកាសដំណឹងដល់សាធារណជន នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា លោក ហៅ សុជាតិ ដែលជាគ្រូបង្គោល នឹងត្រូវដំឡើងទៅជានាយកបច្ចេកទេសគ្រប់គ្រង និងអភិវឌ្ឍន៍យុវជនរបស់ក្លិប ចាប់ពីរដូវកាលក្រោយតទៅ។

ក្លឹបបានប្រកាសនៅលើគេហទំព័រផ្លូវការ boeungketfc.com ថា៖ «ដើម្បីស្របទៅតាមទិសដៅក្នុងការអភិវឌ្ឍន៍របស់ក្លិបក្នុងការបោះជំហ៊ានទៅរកភាពអាជីពពិតប្រាកដ ការអភិវឌ្ឍន៍យុវជន គឺជាទិសដៅអទិភាពមួយក្នុងចំណោមផែនការអភិវឌ្ឍន៍ធំៗមួយចំនួនទៀត ដូច្នេះតាមរយៈសមិទ្ធផលរបស់លោកគ្រូ ហៅ សុជាតិ កន្លងមក ក្លិបប្រាកដណាស់លោកនិងសម្រេចបានលទ្ធផលល្អក្នុងការបង្កើតធនធានកីឡាករល្អៗជាច្រើនមកកាន់ឈុតធំក្នុងឆ្នាំជាបន្ដបន្ទាប់។ ហើយនេះក៏ជាពេលវេលាដ៏សមរម្យមួយសម្រាប់លោកគ្រូហៅ សុជាតិ ដែលអនុញ្ញាតិឲ្យលោកមានពេលវេលាគ្រប់គ្រាន់ក្នុងការបន្ដការសិក្សាផ្នែកគ្រូបង្វឹកកម្រិតខ្ពស់ដែលលោកខកខានកាលពីឆ្នាំមុនអំឡុងពេលដែលមមាញឹកក្នុងការដឹកនាំក្រុមឈុតធំរបស់យើងឲ្យទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។»

គួរដឹងផងដែរថា លោក ហៅ សុជាតិ បានចូលរួមជាមួយបឹងកេត ក្នុងនាមជាគ្រូជំនួយ ក្រោយមកបានក្លាយជាគ្រូបណ្ដោះអាសន្ន នៅឆ្នាំ២០១៧ ហើយក៏បានជួយឲ្យក្លឹបឈ្នះជើងឯកលីគកំពូលកម្ពុជា ថែមទៀតផង រហូតដល់នៅឆ្នាំ២០១៨ បានក្លាយជាគ្រូបង្គោលផ្លូវការ ប៉ុន្តែបានត្រឹមជួយឲ្យបឹងកេត ឈរនៅលេខ២។

យ៉ាងណាមិញនៅរដូវកាល ២០១៩ លោកបានជួយឲ្យបឹងកេត ឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លឹបផងដែរ ខណៈនៅលីគកំពូលកម្ពុជា បានត្រឹមបញ្ចប់ទៅនៅលេខ៤។

ការដំឡើងតួនាទីរបស់លោកទៅជានាយកបច្ចេកទេសគ្រប់គ្រង និងអភិវឌ្ឍន៍យុវជនរបស់ក្លឹប បែបនេះ នាំឲ្យកៅអីគ្រូបង្គោលរបស់ក្លឹបកំពុងស្ថិតនៅចន្លោះទំនេរ ដែលនេះបានសេចក្ដីថា ក្លឹបក៏អាចនឹងត្រៀមធ្វើការតែងតាំងគ្រូបង្វឹកថ្មីផងដែរ ប៉ុន្តែពុំទាន់មានការបញ្ជាក់ច្បាស់ការនៅឡើយ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់