U-22 ហ្វីលីពីន បញ្ជូលកីឡាករកូនកាត់ និងធំធាត់នៅបរទេស ១០នាក់ ដើម្បីប្រកួតស៊ីហ្គេម ២០១៩

មាស សុផាណារ៉ុង November 21, 2019


 

ហ្វីលីពីន៖ ក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីន អាយុក្រោម ២២ឆ្នាំ បានធ្វើការប្រកាសបញ្ជីឈ្មោះកីឡាករចំនួន ២០នាក់ជាផ្លូវការដើម្បីត្រៀមប្រកួតក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( SEA Games 2019 ) ឆ្នាំ២០១៩ លើប្រភេទកីឡាបាល់ទាត់ វិញ្ញាសាបុរស ដែលហ្វីលីពីន ផ្ទាល់ធ្វើជាម្ចាស់ផ្ទះ នៅប៉ុន្មានថ្ងៃខាងមុខនេះ។

U-22 ហ្វីលីពីន កាលពីពេលប្រកួត AFF U-22 នៅកម្ពុជា

អ្វីដែលជាការគួរឲ្យកត់សម្គាល់នោះ ក្នុងឋានៈជាម្ចាស់ផ្ទះ សហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីន បានសម្រេចកោះហៅកីឡាករ កូនកាត់ ក៏ដូចជាកីឡាដែលធំធាត់នៅបរទេស ដល់ទៅ ១០នាក់ ក្នុងចំណោមបញ្ជីកីឡាករសរុបដែលមាន ២០រូប សម្រាប់ព្រឹត្តិការណ៍ដដែលនេះប្រចាំពូល A រួមជាមួយ កម្ពុជា, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា និងទីម័រខាងកើត។

បញ្ជីដដែលបានបង្ហាញថា កីឡាករចំនួន ១០នាក់ ក្នុងនោះមាន ៨នាក់ជាកីឡាករកូនកាត់ ខណៈ ២នាក់ផ្សេងទៀត ជាកីឡាករដែលធំធាត់នៅបរទេស ជាមួយប្រទេសជឿនលឿនក្នុងវិស័យបាល់ទាត់ផងដែរ។

កីឡាករកូនកាត់ទាំងនោះរួមមាន អ្នកចាំទី Anthony Pinthus ( ហ្វីលីពីន-ស្វីស ), ខ្សែការពារ Justin Bass ( ហ្វីលីពីន-ហូឡង់ ) Dennis Chung ( ហ្វីលីពីន-អាល្លឺមង់​ ) Jordan Jarvis ( ហ្វីលីពីន-អង់គ្លេស ) Elias Mordal ( ហ្វីលីពីន-ណរវេស ), ខ្សែបម្រើ Yarick Gallantes ( ធំធាត់នៅស្កុតឡែន ) Troy Limbo ( ធំធាត់នៅអង់គ្លេស ) Griffin McDaniel ( ហ្វីលីពីន-អាមេរិក ) Christian Rontini ( ហ្វីលីពីន-អ៊ីតាលី ) និងខ្សែប្រយុទ្ធ Chima Uzoka ( ហ្វីលីពីន-នីហ្សេរីយ៉ា )។

ក្រៅតែនេះកីឡាករ ១០នាក់ផ្សេងទៀតជាកីឡាករដើមកំណើតហ្វីលីពីន ដោយក្នុងនោះ ៨នាក់ប្រកបអាជីពក្នុងស្រុក និង ២នាក់ផ្សេងទៀតប្រកបអាជីពក្រៅប្រទេស។ បញ្ជាក់ថា ក្នុងចំណោមកីឡាករ ១០នាក់នេះ ហ្វីលីពីន ក៏បានកោះហៅកីឡាករលើសអាយុ ២២ឆ្នាំ ២នាក់ផងដែរ។

សូមបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ ត្រូវបានចាប់ឆ្នោតចូលពូល A ក្នុងការប្រកួតព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( SEA Games 2019 ) នៅប្រទេសហ្វីលីពីន ជាមួយម្ចាស់ផ្ទះហ្វីលីពីន ម៉ាឡេស៊ី, មីយ៉ាន់ម៉ា និងទីម័រខាងកើត ហើយគ្រោងចាប់ផ្ដើមនៅថ្ងៃទី២៦ ខែវិច្ឆិកា នឹងបញ្ចប់នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។

ព្រឹត្តិការណ៍នេះ ស្ថានីយទូរទស្សន៍ហង្សមាស ( Hangmeas HD TV ) បានទទួលសិទ្ធិផ្សាយបន្តផ្ទាល់ការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games 2019 ) លើប្រភេទកីឡាបាល់ទាត់ ផងដែរ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់