គណៈកម្មការពាន Soccer League សម្រេចបញ្ឈប់ក្រុមរស្មីសំពៅមាស ក្រោយកើតរឿងដេញវាយអជ្ញាកណ្ដាលថ្ងៃមុន

មាស សុផាណារ៉ុង November 20, 2019


 

ភ្នំពេញ៖ បន្ទាប់ពីមានករណីហិង្សាក្រុមបាល់ទាត់រស្មីសំពៅមាស និងអ្នកគាំទ្រមួយចំនួន បានដេញវ៉ៃមន្ដ្រីអាជ្ញាកណ្ដាល ក្នុងការប្រកួតពានរង្វាន់ Soccer League លើកទី៥ កាលពីល្ងាចថ្ងៃច័ន្ទកន្លងទៅ គណៈកម្មការរៀបចំពានពាក់កណ្ដាលអាជីពដ៏ធំនេះ បានចេញលិខិតសម្រេចបញ្ឈប់ក្រុមរស្មីសំពៅមាស មិនឲ្យបន្ដការប្រកួតទៀតឡើយ។

យោងតាមសេចក្ដីសម្រេចខាងលើ បានបញ្ជាក់ថា ក្រុមរស្មីសំពៅមាស ត្រូវបានបញ្ឈប់គ្រប់ការប្រកួតនៅសល់ ហើយក្រុមត្រូវជួបក្រុមទទួលការពិន័យនេះ នឹងទទួលបានជ័យជម្នះដោយស្វ័យប្រវត្តិ ជាមួយលទ្ធផល ៣-០។ មិនតែប៉ុណ្ណោះ រស្មីសំពៅមាស ក៏ត្រូវបានគណៈកម្មការពិន័យព្យួរឈប់ឲ្យចូលរួមប្រកួតពាន Soccer League រយៈពេល ១ឆ្នាំ និងមិនផ្ដល់ប្រាក់កក់ជូនក្រុមវិញទៀតផង។

គួរបញ្ជាក់ថា ករណីហិង្សាលើអាជ្ញាកណ្ដាលខាងលើ គឺអំឡុងពេលក្រុមរស្មីសំពៅមាស ប្រកួតជាមួយក្រុមសម្ព័ន្ធគណៈកម្មាធិការសម្របសម្រួលនិស្សិត និងបញ្ញវន្ដកម្ពុជា ក្នុងពូល E ។ តែក្រោយអាជ្ញាកណ្ដាលផ្ដុំកញ្ចែបញ្ចប់ការប្រកួត ស្រាប់តែមានការតស៊ូពីកីឡាករ និងអ្នកគាំទ្រ រហូតផ្ទុះជាករណីដេញវ៉ៃអាជ្ញាកណ្ដាលតែម្ដង។ តែភ្លាមៗក៏មានការចូលរួមសម្របសម្រួលពីគណៈកម្មការរៀបចំការប្រកួតផងដែរ។

បើតាមមន្ដ្រីគណៈកម្មការរៀបចំការប្រកួតម្នាក់ បានបញ្ជាក់ដោយសូមមិនបញ្ចេញឈ្មោះថា ករណីខាងលើនេះ អាចផ្ដើមចេញមកពីការភាន់ច្រឡំ ការស្រលាញ់ និងការចង់ឈ្នះជ្រុលពេករបស់កីឡាករ ក៏ដូចជាអ្នកគាំទ្ររបស់ក្រុមរស្មីសំពៅមាស។ ការភាន់ច្រឡំ ព្រោះគណៈកម្មការ បានប្រជុំសម្រេចជាមួយគ្រប់តំណាងក្រុមចូលរួម ដោយសារអាកាសធាតុក្ដៅពេក ការប្រកួតត្រូវបានកំណត់ធ្វើឡើងតែ ៤០នាទីក្នុងមួយវគ្គប៉ុណ្ណោះ។

ប្រភពដដែលបន្ដថា ប៉ុន្ដែដោយសារការស្រលាញ់ និងចង់ឈ្នះពេក ពេលអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ៨០នាទី (ក្រោយថែម ៣នាទី) ភាគីក្រុមរស្មីសំពៅមាស បែរជាផ្ទុះការតវ៉ា ដោយមិនស្ដាប់ហេតុផល ទើបបង្កជាទង្វើមិនគួរគប្បីឡើងតែម្ដង។ ប៉ុន្ដែយ៉ាងណាក្រោយកើតហេតុ នៅថ្ងៃបន្ទាប់ គណៈកម្មការក៏បានរៀបចំនិតីវិធីតាមផ្លូវច្បាប់ឲ្យក្រុមអាជ្ញាកណ្ដាល កាត់សេចក្ដីក្នុងការប្រកួតខាងលើ ដាក់ពាក្យបណ្ដឹង ដើម្បីដោះស្រាយដោយសន្ដិវិធីផងដែរ។

គួរបញ្ជាក់ថា ពានរង្វាន់ Soccer League លើកទី៥ ឆ្នាំ២០១៩ គឺមាន ៧២ក្រុមចូលរួម ហើយបែងចែកជា ១៦ពូល ខណៈការប្រកួតជម្រុះក្នុងពូលនីមួយៗ គ្រោងនឹងបញ្ចប់នៅថ្ងៃទី២១ ខែវិច្ឆិកាស្អែកនេះ បន្ទាប់ពីបើកដំណើរការការប្រកួត កាលពីដើមខែវិច្ឆិកាកន្លងទៅ ។ ចំពោះរូបមន្ដប្រកួតវិញ សម្រាប់ក្រុមឈរកំពូលតារាង នៃពូលទាំង ១៦ នឹងទទួលបានកៅអីវគ្គ ១៦ក្រុមចុងក្រោយ ដែលនឹងបន្ដការប្រកួត នៅថ្ងៃទី២៣-វិច្ឆិកា ។ ព្រឹត្តិការណ៍នេះ គ្រោងនឹងបញ្ចប់នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ៕

 

រូបភាព៖ ក្រុមបាល់ទាត់រស្មីសំពៅមាស និង UYFC Soccer League

អត្ថបទ៖ បុត្រា

មតិយោបល់