Jonathan Campbell ជុំវិញអនាគតនៅលីគកំពូលកម្ពុជា ក្រោយជួយឲ្យព្រះខ័នរាជស្វាយរៀង លើកពាន

មាស សុផាណារ៉ុង November 20, 2019


 

ភ្នំពេញ៖ ខ្សែការពារកណ្ដាល Jonathan Campbell បង្ហាញពីមហិច្ឆិតារបស់ខ្លួនបន្ទាប់ពីបានឈ្នះពានរង្វាន់លីគកំពូលកម្ពុជា ខណៈដែលរូបគេចង់ប្រកបអាជីពនៅក្រៅប្រទេសកម្ពុជាវិញម្ដង ប៉ុន្តែក៏មិនបដិសេធនូវឱកាសក្នុងការបន្តលេងក្នុងលីកកំពូលកម្ពុជារដូវកាលក្រោយដូចគ្នា។

ការឈ្នះជើងឯកពានរង្វាន់លីគជាមួយ ព្រះខ័នរាជស្វាយរៀង កាលពីរដូវកាលមុន គឺជាពានរង្វាន់ធំលើកដំបូងដែលមិនធ្លាប់មាននៅក្នុងអាជីពបាល់ទាត់អាជីពរបស់កីឡាករសញ្ជាតិអាមេរិក រូបនេះ។

ខ្សែការពារកណ្តាលរូបនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការចូលរួមចំណែករបស់ខ្លួន ដែលបានជួយឲ្យ ស្វាយរៀង ឈ្នះពានរង្វាន់លីគជាលើកទី២ ក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប។ Jonathan Campbell បានប្រាប់សារព័ត៌មាន camsports.org ថា៖ «ខ្ញុំគិតថា ខ្ញុំមានមហិច្ឆតាលេងនៅក្រៅប្រទេសកម្ពុជា ប៉ុន្តែខ្ញុំស្រឡាញ់ប្រទេសនេះ ដូច្នេះមិនប្រាកដដូចគ្នា។»

«វាជាអារម្មណ៍អស្ចារ្យ ប៉ុន្តែវាចំលែកព្រោះនៅពេលដែលយើងបានឈ្នះ ក្រុមរបស់យើងដំបូងមិនមានការរំភើបទេ ទាល់តែពេលយើងលេងជាមួយ អាស៊ីអឺរ៉ុបយូណាយធីត និងទទួលបានពានរង្វាន់នៅខេត្តស្វាយរៀង ទើបអ្នករាល់គ្នាចាប់ផ្តើមរំជួលចិត្តអំពីការឈ្នះលីគ ទោះបីជាយើងបានឈ្នះវាមុនមួយសប្តាហ៍ពេលប្រកួតទល់នឹង ក្រសួងការពារជាតិ ក៏ដោយ។» Jonathan Campbell និយាយអំពីការឈ្នះលីគកំពូលកម្ពុជា។

រដូវកាល២០១៩ គឺជារដូវកាលទី២ របស់ Jonathan Campbell ក្នុងលីគកំពូលកម្ពុជា ខណៈដែលរូបគេបានបង្ហាញខ្លួនរដូវកាលដំបូងរបស់ខ្លួនជាមួយក្រុមខ្លាំងមួយក្នុងចំណោមក្រុមកំពូលនៅលីគកម្ពុជា ពោលគឺជាមួយ ភ្នំពេញក្រោន នៅឆ្នាំ២០១៨ ។

បុរសជនជាតិអាមេរិករូបនេះបានបញ្ជាក់ថា បទពិសោធន៍ពេញមួយរដូវកាលរបស់ខ្លួនជាមួយក្លឹបភ្នំពេញក្រោន បានចូលរួមចំណែកជួយឲ្យសម្របខ្លួនបានយ៉ាងល្អជាមួយព្រះខ័នរាជស្វាយរៀង នារដូវកាលដែលទើបបញ្ចប់ថ្មីៗនេះ។

កីឡាករវ័យ ២៨ឆ្នាំរូបនេះបាននិយាយថា៖ «ប្រហែលជាប្រើពេលបន្តិច បើនិយាយអំពីការស្គាល់ក្រុមគូបដិបក្ខរបស់ខ្ញុំនៅក្នុងលីគ។ ប៉ុន្តែខ្ញុំគិតថាវាមានកត្តាជាច្រើនទៀត។ នៅស្វាយរៀង យើងមានជម្រើសកីឡាករដែលខ្លាំងៗ ប៉ុន្តែក៏មានបច្ចេកទេសល្អផងដែរដោយសារគ្រូបង្វឹករបស់យើង។ ដូច្នេះវាគឺជាការរួមបញ្ចូលគ្នានៃកត្តាជាច្រើនដែលធ្វើឱ្យយើងទទួលបានជោគជ័យ។»

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់