លោក Felix សោកស្ដាយនឹងលទ្ធផល កូនក្រុមគួរទទួលបាន ចំពោះការខំប្រឹងប្រកួតយប់មិញ

មាស សុផាណារ៉ុង November 20, 2019


 

ហុងកុង៖ លោក Felix G.Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញអារម្មណ៍សោកស្ដាយជាខ្លាំង ចំពោះការបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះហុងកុង ដោយលទ្ធផល ២-០ កាលពីយប់មិញ ដ្បិតការខិតខំប្រឹងប្រែងរបស់ក្រុមគោព្រៃកម្ពុជា គួរតែទទួលបានលទ្ធផលល្អប្រសើរជាងនេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់ការប្រកួតទី៥ ក្នុងពូល G នៃវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 ជាមួយហុងកុងខាងលើ លោក Felix បាននិយាយថា «ខ្ញុំមានអារម្មណ៍សោកស្ដាយ ដែលការខិតខំរបស់កីឡាករយើង មិនអាចទទួលបានលទ្ធផល ដែលពួកគេសមទទួលបាន ព្រោះការប្រឹងប្រែងរបស់ពួកគេ។»

មិនតែប៉ុណ្ណោះ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ ថែមទាំងពេញចិត្ត ចំពោះទម្រង់លេងរបស់កូនក្រុមខ្លួន កាលពីយប់មិញទៀតផង។ លោកបន្ដបែបសុទិដ្ឋិនិយមថា «ថ្វីត្បិតក្រុមយើងមិនអាចទទួលបានលទ្ធផល ដែលយើងចង់បាន តែខ្ញុំពេញចិត្តនឹងរបៀបលេងរបស់កីឡាករ ដែលព្យាយាមលេងតាមទម្រង់ និងព្យាយាមគ្រប់គ្រងបាល់។»

សម្រាប់ការបរាជ័យក្នុងប្រកួតទី៥ នេះដែរ បានធ្វើឲ្យក្រុមគោព្រៃកម្ពុជា បន្ដឈរបាត់តារាង ហើយក៏អស់ឱកាសប្រជែងកៅអីជុំទី៣ នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកខាងលើផងដែរ បន្ទាប់ពីឆ្លងកាត់ ៥ប្រកួតស្មើ១ និងចាញ់ ៤ ទើបរកបាន ១ពិន្ទុប៉ុណ្ណោះ ។

រីឯក្រុមហុងកុង ក៏នៅតែបន្ដឈរលេខ៤ តែបានកើនដល់ ៥ពិន្ទុ ក្រោយរកបានជ័យជម្នះលើកដំបូងក្នុងពូល ដោយសរុបលទ្ធផល ៥ប្រកួតឈ្នះ១ ស្មើ២ និងចាញ់ ២ប្រកួត៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ បុត្រា

មតិយោបល់