សៀមរាបយូណាយធីត នឹងចូលលេងលីគ បើមានដៃគូសហការគ្រប់លក្ខខណ្ឌ

មាស សុផាណារ៉ុង November 19, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់សៀមរាបយូណាយធីត បានកំណត់គោលដៅចូលលេងក្របខណ្ឌលីគកំពូលកម្ពុជា លុះត្រាមានដៃគូសហការគ្រប់លក្ខខណ្ឌសិន បើមិនដូច្នោះ ពួកគេនឹងមិនចូលរួមឡើយ។នេះបើតាមការបញ្ជាក់របស់លោក លី សេងហួរ ប្រធានក្លឹប និងជាស្ថានិកកីឡដ្ឋាន KDR ក្នុងពិធីប្រកាសបង្កើតក្លឹបកាលពីម្សិលមិញ។

ប្រធានក្លឹបបាល់ទាត់ថ្មីសន្លាងខាងលើ បាននិយាយថា៖ «ដោយសារការប្រកួតប្រជែងក្នុងលីគ យើងត្រូវការប្រើប្រាស់ធនធានកីឡាករកម្រិតខ្ពស់ និងថវិកាច្រើន ចឹងបើសិនយើងមានដៃគូសហការណាមួយ ដែលអាចសមស្របនឹងលក្ខខណ្ឌរបស់ក្លឹបយើងអាចទៅរួច យើងនឹងចូលនៅថ្ងៃអនាគត…។ តែយើងនឹងព្យាយាមរកដៃគូឲ្យបានឆាប់ៗ។»

ប៉ុន្ដែលោកថា ដរាបណាក្លឹបមិនទាន់រឹងដៃរឹងជើង ហើយមានដៃគូសហការច្បាស់លាស់នោះទេ សៀមរាបយូណាយធីត មិនទាន់ចូលលេងលីគឡើយ។ «ដូចតាមរូបភាពកន្លងមកអញ្ចឹង យើងចូលចិត្តធ្វើអ្វីដែលមានគុណភាព យើងអត់ចូលចិត្ត ធ្វើអ្វីឲ្យគ្រាន់តែបានទេ យើងអត់និយាយ តែយើងធ្វើចេញជារូបរាងតែម្ដង ដូចជាទីលាននេះស្រាប់ (កីឡដ្ឋាន KDR) ទោះបីយើងជាក្លឹបពាក់កណ្ដាលអាជីព តែយើងអាចធ្វើឲ្យចេញជារូបរាងបាន។»

លោក សេង លីហួរ នៅកណ្ដាល

ស្ថាបនិកវ័យក្មេងដដែល បានសង្កត់ធ្ងន់ថា «សំខាន់បំផុតយើងធ្វើក្រុមពាក់កណ្ដាលអាជីព និងអភិវឌ្ឍន៍ក្មេងៗ» ។ ជាមួយការលើកឡើងបែបនេះ មានន័យថា ទោះបីក្លឹបសៀមរាបយូណាយធីត មិនបានចូលរួមលេងលីគ តែលោកនៅតែពង្រឹងក្លឹបក្នុងនាមក្រុមពាក់កណ្ដាលអាជីពឲ្យបានខ្លាំង ពិសេសផ្ដើមចេញពីការអភិវឌ្ឍន៍ក្រុមយុវជនថ្នាល រហូតបណ្ដុះបណ្ដាលពួកគេក្លាយជាកីឡាករក្រុមធំនាថ្ងៃអនាគត។ នេះគឺជាគោលដៅសំខាន់របស់លោក លី សេង ហួរ។

** សូមបញ្ជាក់ថា ក្លឹបបាល់ទាត់សៀមរាបយូណាយធីត គឺជាក្លឹបបង្កើតថ្មី ដែលមានទំនាក់ទំនងជាមួយក្លឹបបាល់ទាត់គីរីដងរែក ប៉ុន្តែមិនមែនជាការផ្លាស់ប្ដូរឈ្មោះថ្មីរបស់ក្លឹបគីរីដងរែក ឡើយ ដោយក្លឹបគីរីដងរែក នៅតែបន្តដំណើរការដដែល។ នេះបើតាមការបញ្ជាក់ដោយតំណាងក្លឹបគីរីដងរែក។

ក្រោយបង្កើតក្លឹបសៀមរាបយូណាយធីត ផែនការចំពោះមុខរបស់ក្លឹបមានមូលដ្ឋាននៅកីឡដ្ឋាន KDR នាទីរួមខេត្តសៀមរាបនេះ គ្រោងចាប់ផ្ដើមសាលាបាល់ទាត់យុវជន (Football Academy) មុនគេ នៅដើមខែមីនា ឆ្នាំ២០២០ ដោយក្លឹបគ្រោងបង្កើតក្រុមថ្នាល ៣កម្រិតអាយុ រួមមានអាយុក្រោម ៨ឆ្នាំ, អាយុក្រោម ១០ឆ្នាំ និងអាយុក្រោម ១៣ឆ្នាំ ។ ទន្ទឹមជាមួយគ្នា ក្លឹបក៏មានគម្រោងរៀបចំពានកុមារអាយុក្រោម ១១ឆ្នាំ និងអាយុក្រោម ១៣ឆ្នាំ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ផងដែរ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់