សូលទីឡូអង្គរ កំពុងចរចាយកកីឡដ្ឋាន KDR ធ្វើជាទឹកដីបណ្ដោះអាសន្ន សម្រាប់រដូវកាល២០២០

មាស សុផាណារ៉ុង November 19, 2019


 

សៀមរាប៖ ក្លឹបបាល់ទាត់សូលទីឡូអង្គរ ដែលមានមូលដ្ឋាននៅខេត្តសៀមរាប ត្រូវបានប្រភពជិតស្និទបង្ហើបថា បាននឹងកំពុងចរចាយកកីឡដ្ឋាន KDR ធ្វើជាទឹកដីបណ្ដោះអាសន្នសម្រាប់ចូលរូមប្រកួតលីគកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នារដូវកាលក្រោយ។

ប្រភពដដែលបានបង្ហើបថា ក្លឹប ក៏ដូចជាម្ចាស់កីឡដ្ឋាន KDR ( ដែលគ្រប់គ្នានិយមស្គាល់ថាគីរីដងរែក ) កំពុងតែធ្វើការចរចារ ហើយអាចនឹងឈានទៅដល់ការព្រមព្រៀងនាពេលដ៏ខ្លីខាងមុខនេះ ខណៈកិច្ចសន្យានៃការជួលនេះ គឺស្ថិតក្នុងអំឡុងពេល ១ឆ្នាំ ពោលគឺពេញមួយ រដូវកាល២០២០។

បញ្ជាក់ថា សូលទីឡូអង្គរ ចាប់តាំងពីបង្កើតមកគឺតែងតែប្រើប្រាស់កីឡដ្ឋានខេត្តសៀមរាប ( ស្វាយធំ) ធ្វើជាទឹកដីរបស់ខ្លួន ( ឆ្នាំឡើងមកលីគកំពូលលើកដំបូង យកកីឡដ្ឋានជាតិ ជាទឹកដីបណ្ដោះអាសន្ន ) ខណៈដែលកីឡដ្ឋាននេះត្រូវបានប្រើប្រាស់រួមជាមួយ ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ ដែលជាក្លឹបទើបផ្លាស់ទៅបោះទីតាំងថ្មីនៅខេត្តសៀមរាប នាឆ្នាំ២០១៧។

ក៏ធ្លាប់មានលឺដំណឹងថា កីឡដ្ឋាន KDR នេះ ក៏ធ្លាប់ត្រូវបាន ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ ចង់យកកីឡដ្ឋាននេះធ្វើជាទឹកដីបណ្ដោះអាសន្នផងដែរ ប៉ុន្តែក្រោយមកក៏ហាក់ស្ងាត់បាត់ដំណឹងអំពីគម្រោងនេះផងដែរ។

និយាយចំពោះ កីឡដ្ឋាន KDR វិញបានក្លាយជាទីចំណាប់អារម្មណ៍សម្រាប់អ្នកគាំទ្របាល់ទាត់បន្ទាប់ពីកីឡដ្ឋាននេះបានធ្វើការសាងសង់ឡើងជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ រួមទាំងស្ដង់ដាថែមទៀតផង ដែលផ្ដើមសាងសង់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ លើផ្ទៃដី២៧០០០ម៉ែត្រការ៉េ មានទីតាំងនៅផ្លូវសម្ដេចតេជោ ហ៊ុន សែន ក្រវាត់ក្រុង ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងអាចផ្ទុកទស្សនិកជនបាន ៥០០០នាក់៕

 

រូបភាព៖ KDR Stadium

អត្ថបទ៖ ណារ៉ុង

មតិយោបល់