គ្រូហុងកុង បញ្ជាក់ថាក្រុមខ្លួនកាន់តែល្អប្រសើរជាងពីមុន និងកាន់តែរួចរាល់ដើម្បីការប្រកួត

មាស សុផាណារ៉ុង November 19, 2019


 

ហុងកុង៖ លោក Mixu Paatelainen គ្រូបង្វឹកនៃក្រុមជម្រើសកោះហុងកុង បានបង្ហើបថាក្រុមរបស់ខ្លួនល្អជាងពីមុន និងរួចរាល់ដើម្បីការប្រកួត ក្នុងជំនួបទី៥ ប្រចាំ C វគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងវគ្គជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification )។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក Mixu Paatelainen បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំគិតថាពេលនេះយើងមានភាពប្រសើរឡើង ជាងអ្វីដែលយើងធ្លាប់មានពីមុនមក។ ខ្ញុំគិតថា យើងលេងបានល្អ ការការពាររបស់យើងក៏ល្អប្រសើរ ហើយយើងក៏បានដឹងយ៉ាងច្បាស់អំពីកម្ពុជា។ វាពិតជាលឿនណាស់សម្រាប់កីឡាកររបស់យើងដែលលេងនៅក្រៅប្រទេសពេលឡើងទៅប្រកួតនៅកម្ពុជា។ និយាយពីការគោរពនោះយើងត្រៀមខ្លួនកាន់តែច្រើន។»

គ្រូបង្វឹកសញ្ជាតិហ្វាំងឡង់ដដែលរូបនេះបានបន្តទៀតថា៖ «យើងកាន់តែប្រសើរឡើងរហូតមកដល់ពេលនេះ រាល់ពេលដែលយើងប្រកួត។ យើងសង្ឃឹមថា ក្រុមរបស់យើងអាចរកគ្រាប់បាល់បាន ១០០ភាគរយ ពីព្រោះយើងចង់ធ្វើឲ្យបានល្អ ហើយយើងចង់ទទួលបានលទ្ធផលល្អ។ ប៉ុន្តែអ្នកមិនអាចស្មានដឹងមុនការប្រកួតនេះទេ យើងគ្រាន់តែសង្ឃឹមថា។»

គួររំលឹកថា កាលពីជើងទី១ ហុងកុង បានប្រកួតស្មើជាមួយ កម្ពុជា ដោយលទ្ធផល ១ទល់១ នៅលើទឹកដីកម្ពុជា សម្រាប់ជំនួបបើកឆាកប្រចាំពូល C នេះ។

ចំពោះការជួបគ្នាជើងទី២ រវាងកម្ពុជា និងម្ចាស់ផ្ទះហុងកុងវិញ គឺគ្រោងនឹងចាប់ផ្ដើមការប្រកួតនាវេលាម៉ោង ៧យប់ (ម៉ោងនៅកម្ពុជា) នាថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខ ហើយអ្វីដែលពិសេស ការប្រកួតនេះ ក៏នឹងមានការផ្សាយបន្ដផ្ទាល់ពីក្រុមហ៊ុន CBS ( CTN, CNC, MYTV ) ផងដែរ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់