កីឡដ្ឋាន KDR ប្រកាសបង្កើតក្លឹបបាល់ទាត់សៀមរាបយូណាយធីត និងចុះ MoU ជាមួយដៃគូពីប្រទេសម៉ាឡេស៊ី

មាស សុផាណារ៉ុង November 18, 2019


 

សៀមរាប៖ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ កីឡដ្ឋាន KDR បានធ្វើការប្រកាសបង្កើតក្លឹបបាល់ទាត់ ក៏ដូចជាប្រកាសពីដៃគូសហការពីប្រទេសម៉ាឡេស៊ី ចំនួន ២ក្រុមហ៊ុនផ្សេងពីគ្នា នេះបើយោងក្នុងពិធីដែល កីឡដ្ឋាន KDR ប្រកាសបង្កើតក្លិបបាល់ទាត់ និងចុះ MoU ជាមួយដៃគូសហការពីម៉ាឡេស៊ី។

កីឡដ្ឋាន KDR ដ៏ធំមួយដែលមានមូលដ្ឋាននៅទីរួមខេត្តសៀមរាបបាន​ប្រកាសពីការបង្កើតក្លិបបាល់ទាត់ថ្មីមួយឈ្មោះថា សៀមរាបយូណាយធីត និងប្រកាសពីដៃគូសហការដែលមាន​ភ្នាក់ងារបាល់ទាត់ Bolabros និង Kaki Jersi ក្រុមហ៊ុនសម្ភារៈកីឡាប្រកបដោយគុណភាពខ្ពស់នៅម៉ាឡេស៊ី។

លោក លី សេងហួរ ស្ថាបនិកក្លិប និងកីឡដ្ឋាន KDR បានឲ្យដឹងថា ការបង្កើតក្លិបដ៏ថ្មីសន្លាងនេះ គឺដើម្បីរួមចំណែកកសាងធនធានបាល់ទាត់ដល់ប្រទេសជាតិ។

សម្រាប់ Bolabros គឺជាភ្នាក់ងាររៀបចំកម្មវិធីបាល់ទាត់ដ៏ធំមួយនៅប្រទេសម៉ាឡេស៊ីដែលទទួល​ទាំងក្រុមតូចដល់ក្រុមធំ។ ចំណែក Kaki Jersi នឹងចូលរួមផ្គត់ផ្គង់ឯកសណ្ឋានដល់​សៀមរាបយូណាយធីត។

លោក លី សេងហួរ ស្ថាបនិកក្លិប​សៀមរាបយូណាយធីត បានបង្ហើបថា ក្រៅពីបង្កើតទំនាក់ទំនងជាមួយភាគីដ៏សំខាន់ទាំងពីរខាងលើ ក្លិបរបស់លោកក៏ទទួល​បានអត្ថប្រយោជន៍ជាច្រើនពីភាពជាដៃគូសហការនេះ។ ក្នុងនោះមានទាំងការជួយផ្គត់ផ្គង់សម្ភារៈដល់ក្រុមការងារ, កីឡាករ និង​កម្មវិធីបាល់ទាត់ទាំងជាតិ និងអន្តរជាតិជាដើម។

លោក លី សេងហួរ បានសង្កត់ធ្ងន់យ៉ាងដូច្នេះ នូវព័ត៌មានសំខាន់ៗចំនួន ៣គឺ៖

  • ចំណុចទី១៖ គឺការប្រកាសឈ្មោះក្លិបថ្មីរបស់យើង គឺ ក្លិបបាល់ទាត់សៀមរាបយូណាយធីត (SIEM REAP UNITED FOOTBALL CLUB)។ មូលហេតុដែលយើងប្រើឈ្មោះថ្មីនេះ គឺយើងចង់អោយខេត្តសៀមរាបរបស់យើង មានក្លិបបាល់ទាត់មួយដែលថ្មី ដែលល្អ ដែលត្រឹមត្រូវ ដែលអាចជួយអោយរបស់ក្មេងរបស់យើងសម្រេចបាននូវសុបិនរបស់ពួកគេ បន្ថែមពីលើនឹងទៀតនោះឈ្មោះនេះ គឺអាចក្តោប និងលើកស្ទួយឈ្មោះខេត្តសៀមរាបយើងអោយរឹតតែល្បីល្បាញថែមទៀត ។
  • ចំណុចទី២៖ គឺទាក់ទងនឹងការអភិវឌ្ឍន៍បាល់ទាត់ដូចបានជម្រាបជូនខាងលើដែរ គឺខ្ញុំសូមជូនដំណឹងអំពីការរៀបចំពានរង្វាន់បាល់ទាត់សម្រាប់កុមារដែលមានអាយុក្រោម១១ឆ្នាំ និង អាយុក្រោម១៣ឆ្នាំ។ ការប្រកួតនេះ គ្រោងនឹងធ្វើទៅនៅថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២០។ ការប្រកួតនេះគឺមានរយៈពេលពេញមួយថ្ងៃ។
  • ចំណុចទី៣៖ គឺកាន់តែពិសេសទៀតនោះ គឺការចាប់ផ្តើម football Academy របស់ក្លិបបាល់ទាត់សៀមរាបយូណាយធីត របស់យើងខ្ញុំ។ យើងនឹងចាប់ផ្តើមធ្វើកិច្ចការនេះ នៅខែមីនា ឆ្នាំ២០២០។ ការអភិវឌ្ឍន៍ថ្នាលនេះ គឺទាមទាពេលវេលាយូរអង្វែង ការប្រើប្រាស់ធនធានច្រើន ការតស៊ូព្យាយាម និងការអត់ធ្មត់ជាទីបំផុត ប៉ុន្តែវាគឺជាចក្ខុវិស័យដ៏អស្ចារ្យដែលពោរពេញដោយមហិច្ឆិតាដ៏មហិមារបស់ក្រុមការងាររបស់យើងខ្ញុំ។

គួរដឹងដែរថា កីឡដ្ឋាន KDR ដែលផ្ដើមសាងសង់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ លើផ្ទៃដី២៧០០០ម៉ែត្រការ៉េ មានទីតាំងនៅផ្លូវសម្ដេចតេជោ ហ៊ុន សែន ក្រវាត់ក្រុង ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងអាចផ្ទុកទស្សនិកជនបាន ៥០០០នាក់៕

 

អត្ថបទ៖ បុត្រា

មតិយោបល់