សឿយ វិសាល ជុំវិញការប្រកួតជាមួយ ហុងកុង ជំនួបទី៥ ប្រចាំពូល C វគ្គជម្រុះ World Cup

មាស សុផាណារ៉ុង November 18, 2019


 

ហុងកុង៖ ជម្រើសជាតិកម្ពុជា កំពុងស្ថិតនៅបាតតារាងស្ថិត នៃពូល C ក្នុងវគ្គជម្រុះជុំទី២ បាល់ទាត់ពិភពលោក ( 2022 FIFA World Cup ) បន្ទាប់ពី ៤ប្រកួត ចាញ់ ៣លើក និងស្មើ១ និងមានន័យថាឱកាសឆ្លងទៅបន្ត នៃពានដដែលនេះទំនងជាមិនអាចទៅរួច។

ទោះយ៉ាងណា កីឡាករ សឿយ វិសាល អះអាងថាកម្ពុជានៅតែមានការតាំងចិត្តខ្ពស់ក្នុងការលេង ៤ប្រកួតទៀតដែលនៅសល់ ខណៈពួកគេមានគោលបំណងអភិវឌ្ឍយុទ្ធសាស្ត្រក្រុម និងជំនាញរបស់កីឡាករម្នាក់ៗ។ ប្រធានក្រុមជម្រើសជាតិកម្ពុជារូបនេះក៏បានចង្អុលបង្ហាញថាក្រុមរបស់ខ្លួនមិនមានបញ្ហាអ្វីដែលត្រូវលេងក្រៅដី ទល់នឹងហុងកុង នៅថ្ងៃស្អែកនោះទេ ប៉ុន្តែគូសបញ្ជាក់ពីគុណសម្បត្តិរបស់ម្ចាស់ផ្ទះ រួមមានអាកាសធាតុ អ្នកគាំទ្រ និងទីលាន។

សឿយ វិសាល បានប្រាប់គេហទំព័រ camsports.org ថា៖ «យើងនឹងប្រឈមមុខជាមួយហុងកុង ក្នុងការប្រកួតក្រៅដី ប៉ុន្តែខ្ញុំគិតថាវាមិនមែនជាបញ្ហាធំសម្រាប់យើងទេ។ នៅពេលយើងលេងនៅក្នុងដី យើងតែងតែមានអ្នកគាំទ្រជាច្រើននៅពីក្រោយយើង។ សម្រាប់ការប្រកួតនៅឆ្ងាយនេះ ពួកគេអាចទទួលបានគុណសម្បត្តិ រួមទាំងអ្នកគាំទ្រ កីឡដ្ឋាន និងអាកាសធាតុរបស់ពួកគេ ប៉ុន្តែយើងនឹងចាំមើលទាំងអស់គ្នា។»

«គ្រូបង្វឹកដឹងច្បាស់ថាអ្នកណានឹងលេង នៅពេលដែលគាត់ផ្តល់ឱ្យយើងនូវឱកាសដើម្បីបង្ហាញពីអ្វីដែលយើងអាចធ្វើបាន។ យើងផ្តល់ឱកាសដល់កីឡាករវ័យក្មេងរបស់យើង ដើម្បីទទួលបានបទពិសោធន៍ និងមានទំនុកចិត្តលើឆាកអន្តរជាតិ។ យើងនឹងមិនផ្លាស់ប្តូរគោលដៅរបស់យើងទេ ហើយវាគឺដើម្បីអភិវឌ្ឍបាល់ទាត់របស់យើង និងលេងបាល់ទាត់ដែលពិតប្រាកដ។ យើងព្យាយាមរក្សាបាល់ និងលេងបាល់ខ្លី។ យើងកំពុងគិត និងទន្ទឹងរង់ចាំអនាគតដើម្បីបាល់ទាត់ដ៏ល្អ។» សមាជិករបស់ក្លឹបព្រះខ័នរាជស្វាយរៀង រូបនេះបន្ថែម។

និយាយអំពី ឱកាសឡើងជុំបន្ទាប់វិញ សឿយ វិសាល បន្ថែមថា៖ «យើងពិបាកឆ្លងទៅវគ្គបន្ទាប់ ប៉ុន្តែយើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីអភិវឌ្ឍជំនាញរៀងៗខ្លួន និងយុទ្ធសាស្ត្ររបស់យើង ដើម្បីឲ្យយើងអាចក្លាយជាក្រុមមួយដែលប្រសើរជាងមុន។ យើងនឹងផ្តល់អ្វីៗគ្រប់យ៉ាងសម្រាប់ការប្រកួតដែលនៅសល់របស់យើង ទោះបីយើងទំនងជាមិនអាចឈានចូលជុំបន្ទាប់ទៀតក៏ដោយ។»

គួរបញ្ជាក់ថា នេះជាការប្រកួតទី៥ ក្នុងពូល C របស់ក្រុមគោព្រៃកម្ពុជា បន្ទាប់ពីឆ្លងកាត់ ៤ប្រកួតស្មើហុងកុង ១-១ និងចាញ់បារ៉ែន ១-០ ក្នុងដី កាលពីពេលថ្មីៗ ចាញ់អ៊ីរ៉ង់ ១៤-០ និងចុងក្រោយចាញ់ អ៊ីរ៉ាក់ ០-៤៕

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់