ទូរទស្សន៍ហង្សមាស ទទួលសិទ្ធិផ្សាយបន្តផ្ទាល់កីឡាស៊ីហ្គេម ៣ឆ្នាំជាប់ៗគ្នា

មាស សុផាណារ៉ុង November 18, 2019


 

ភ្នំពេញ៖ ស្ថានីយទូរទស្សន៍ហង្សមាស ( Hangmeas HD TV ) បានទទួលសិទ្ធិផ្សាយបន្តផ្ទាល់ការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games 2019 ) លើប្រភេទកីឡាបាល់ទាត់ ដែលនឹងធ្វើឡើងនៅប្រទេសហ្វីលីពីន។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសស្ថានីយ៍ទូរទស្សន៍ ដែលទទួលបានសិទ្ធិផ្សាយបន្តផ្ទាល់ ព្រឹត្តិការណ៍បាល់ទាត់ ដែលគ្រោងចាប់ផ្ដើមពីថ្ងៃទី២៦ ខែវិច្ឆិកា ហើយនឹងបញ្ចប់នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈនេះជាលើកទី៣ ហើយដែលស្ថានីយទូរទស្សន៍ហង្សមាស បានធ្វើការផ្សាយបន្តផ្ទាល់ពីព្រឹត្តិការណ៍នេះ ពោលគឺឆ្នាំ២០១៥ នៅប្រទេសសិង្ហបុរី និងឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី។

សូមបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ ត្រូវបានចាប់ឆ្នោតចូលពូល A ក្នុងការប្រកួតព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( SEA Games 2019 ) នៅប្រទេសហ្វីលីពីន ជាមួយម្ចាស់ផ្ទះហ្វីលីពីន ម៉ាឡេស៊ី, មីយ៉ាន់ម៉ា និងទីម័រខាងកើត។

ដោយឡែកសម្រាប់ការប្រកួតលើកទី៣០ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ នៅប្រទេសហ្វីលីពីន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ជាមួយនឹង៥២៣ វិញ្ញាសាប្រកួត លើប្រភេទកីឡាចំនួន ៥៦ ប៉ុន្តែសម្រាប់ប្រភេទកីឡាបាល់ទាត់ គឺចាប់ផ្ដើមមុនពិធីបើកផ្លូវការមកដល់ ពៅលពីថ្ងៃទី២៥ ខែវិច្ឆិកា ហើយនឹងបញ្ចប់នៅថ្ងៃទី១០ ខែធ្នូ។

ក្នុងព្រឹត្តិការណ៍ដដែលនេះ សម្រាប់ប្រភេទកីឡាបាល់ទាត់របស់បុរស នឹងធ្វើឡើងនៅកីឡដ្ឋាន Rizal Memorial ក្នុងទីក្រុង Manila ហើយកីឡដ្ឋានទាំងនេះ សុទ្ធតែមានទីលានជាស្មៅសិប្បនិមិត្ត៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់