លោក Felix ថាការដាក់ សៀង ចន្ធា លេង៩០នាទីពេញ ដើម្បីឲ្យស្គាល់ស្ថានភាពផ្សេងពី U-19

មាស សុផាណារ៉ុង November 15, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតស្មើជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិម៉ុងហ្គោលី ១ទល់១ ក្នុងជំនួបមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ ដែលធ្វើឡើងនៅលើទឹកដីកម្ពុជា ពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

ក្នុងការប្រកួតនេះ លោក Keisuke Honda និង លោក Felix G.Dalmas បានសម្រេចប្រើប្រាស់កីឡាករស្ទើរតែ ៧០ភាគរយជាយុវជនសម្រាប់ជម្រើស ១១នាក់ដំបូង ក្នុងនោះកីឡាករវ័យក្មេងជាងគេក្នុងក្រុម សៀង ចន្ធា ក៏មានវត្តមានក្នុងជម្រើស ១១នាក់ដំបូងផងដែរ ដ្បិតទើបតែបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ជម្រុះយុវជនអាស៊ី អាយុក្រោម ១៩ឆ្នាំ ( AFC U-19 Championship 2020 Qualifiers ) ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះប្រចាំពូល G។

មានយោបល់ជុំវិញការដាក់ឲ្យ សៀង ចន្ធា ចូលប្រកួត ហើយថែមទាំងបង្ហាញខ្លួន ៩០នាទីពេញ លោក Felix G.Dalmas បានបញ្ជាក់ថា ដោយសារកាលពីប្រកួតនៅព្រឹត្តិការណ៍ជម្រុះយុវជនអាស៊ី អាយុក្រោម ១៩ឆ្នាំ ចន្ធា លេងក្នុងទីតាំងផ្សេង និងថែមទាំងស្ថិតក្នុងស្ថានភាពខុសគ្នាទៅលើការប្រជែង ជាពិសេសឲ្យស្គាល់ពីស្ថានភាពផ្សេងដើម្បីបង្កើនសមត្ថភាព។

«នេះគឺជាឱកាសដ៏ល្អសម្រាប់គេ ពីព្រោះនៅជាមួយយុវជនអាយុក្រោម ១៩ឆ្នាំ គាត់លេងក្នុងតំណែងផ្សេង ហើយក៏ដូចគ្នាផងដែរដែលយើងមិនសូវដាក់ឲ្យគេបានលេងច្រើនពីមុនមក ពីព្រោះគេបាននឹងកំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ កីឡាករក្មេងៗពួកគេត្រូវស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ សម្រាប់ថ្ងៃនេះ គឺជាឱកាសដ៏ល្អមួយសម្រាប់រូបគេ ដើម្បីប្រកួតទល់នឹងក្រុមដែលមានកាយសម្បទាល្អ ខ្លាំង និងការកៀបសង្គត់ខ្លាំង ហើយគេមិនបានជួបស្ថានភាពនេះនៅ U-19 ឡើយ ដូច្នេះវាគឺជាស្ថានភាពផ្សេងពីគ្នា ហើយខ្ញុំគិតថាពេលនេះគាត់កំពុងតែធ្វើបានយ៉ាងល្អ។» សម្ដីរបស់ លោក Felix Dalmas។

លោកក៏បានបន្ថែមទៀតផងដែរថា ជុំវិញវ័យនេះ មិនមែនជាវ័យដែលត្រូវនឿយហត់ឡើយ ដ្បិតត្រឹមតែ ១៧ឆ្នាំ។ «ខ្ញុំនៅចាំបានថា កាលពីខ្ញុំអាយុ ១៧ឆ្នាំ ខ្ញុំគិតថាវាមិនមានអ្វីគួរឲ្យនឿយហត់ ចន្ធា មើលទៅពិតជាមានសុខភាពមាំមួន។» 

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ជាពិសេសនៅឆ្នាំ២០១៩ សៀង ចន្ធា បានបង្ហាញខ្លួនបាន ៦ប្រកួតហើយជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ឈុតធំ ក្នុងនោះ ៤ប្រកួតផ្លាស់ប្ដូរចូល និង ២ប្រកួតចុងក្រោយ ចូលជម្រើស ១១នាក់ដំបូង និងលេង ៩០នាទីពេញ ហើយអាចរកគ្រាប់បាល់បាន ១គ្រាប់ផងដែរ ពេលជម្រុះជុំទី១ បាល់ទាត់ពិភពលោក ទល់នឹង ប៉ាគីស្ថាន៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់