កុក បូរីស សម្រេចបំណងលេងឲ្យក្លឹបភ្នំពេញក្រោន សារជាថ្មី

មាស សុផាណារ៉ុង November 15, 2019


 

ភ្នំពេញ៖ ទីបំផុសខ្សែការពារកូនកាត់ខ្មែរ-បារាំង កុក បូរីស បានត្រឡប់មករួមរស់ជាមួយក្លឹបភ្នំពេញក្រោនវិញហើយ ក្រោយចែកផ្លូវគ្នាអស់រយៈពេល ២រដូវកាល។ នេះបើយោងតាមវីដេអូខ្លីមួយ ដែលបង្ហោះលើ Page ផ្លូវការរបស់ក្លឹបភ្នំពេញក្រោន នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

ប្រភពព័ត៌មានខាងលើ បានបង្ហាញថា ក្លឹបភ្នំពេញក្រោន បានស្វាគមន៍ការត្រឡប់មកវិញរបស់កីឡាករ កុក បូរីស។ នេះគឺជាដំណឹងល្អមួយ សម្រាប់អ្នកគាំទ្រ បូរីស ពិសេសរូបគេផ្ទាល់ ដែលមានសក្ដីស្រម៉ៃចង់លេងឲ្យអតីតក្រុមជើងឯកលីគកំពូលកម្ពុជា ៦សម័យកាលនេះជាច្រើនឆ្នាំបន្ដទៀត។

 

បន្ថែមលើនេះ អតីតកីឡាករជម្រើសជាតិកម្ពុជាដដែល ក៏បានបង្ហាញនូវអារម្មណ៍រំភើបរីករាយ ដែលបានត្រឡប់មករួមរស់ជាមួយក្លឹបភ្នំពេញក្រោនជាថ្មី ពិសេសការបានមកនៅកម្ពុជា ដែលត្រូវបាន បូរីស ចាត់ទុកជាផ្ទះទី២ របស់គេ។ បូរីស បានប្ដេជ្ញានឹងខំប្រឹងលេងឲ្យអស់ពីសមត្ថភាព ដើម្បីអ្នកគាំទ្រទាំងអស់គ្នា។

គួរដឹងថា មុនត្រឡប់មកទឹកដី Smart RSN វិញ បូរីស ធ្លាប់បានរួមរស់ជាមួយភ្នំពេញក្រោន ៦រដូវកាលមកហើយ កាលពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧។ ប៉ុន្ដែក្រោយចាកចេញពីភ្នំពេញក្រោន ខ្សែការពារវ័យ ២៨ឆ្នាំរូបនេះ មិនបានចូលរួមជាមួយក្លឹបណានោះទេ។ តែអ្វីដែលគួរឲ្យរំជួលចិត្ត ធ្វើឲ្យអ្នកគាំទ្រចងចាំមិនភ្លេច គឺ បូរីស បានបង្ហោះសារលើបណ្ដាញសង្គមថា គេនៅតែចញ្ចឹមចិត្តចង់លេងឲ្យក្លឹបភ្នំពេញក្រោនជានិច្ច៕

 

រូបភាព៖ ភ្នំពេញក្រោន

អត្ថបទ៖ បុត្រា

មតិយោបល់