គោព្រៃកម្ពុជា ហោះទៅហុងកុងយប់នេះ ដើម្បីត្រៀមប្រកួតទី៥ នៃវគ្គជម្រុះ World Cup 2022

មាស សុផាណារ៉ុង November 15, 2019


 

ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើដំណើរចាកចេញពីមាតុភូមិ ឆ្ពោះទីក្រុងហុងកុង នាវេលាម៉ោង ៧យប់នេះ ដើម្បីត្រៀមការប្រកួតទី៥ ក្នុងពូល G នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅកាតាប្រទេសកាតា (2022 FIFA World Cup Qualification-AFC) ជាមួយក្រុមហុងកុង នាថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខ។

ជាមួយបេសកកម្មត្រៀមការប្រកួតក្រៅដីជាលើកទី២ នេះ គឺដឹកនាំដោយលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា រួមទាំងកីឡាករ ២៣នាក់ ដែលទើបបញ្ចប់ការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិម៉ុងហ្គោលី ដោយបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ នៅពហុកីឡដ្ឋានជាតិ កាលពីយប់មិញ។

គួរបញ្ជាក់ថា កាលពីជួបគ្នាជើងទី១ ក្រុមគោព្រៃកម្ពុជា បានប្រកួតស្មើក្រុមហុងកុង លើទឹកដីរបស់ខ្លួន ១-១។ បច្ចុប្បន្នកម្ពុជា កំពុងឈរបាត់តារាង និងរកបាន ១ពិន្ទុប៉ុណ្ណោះ ក្រោយឆ្លងកាត់ ៤ប្រកួតស្មើ ១ និងចាញ់ ៣ តាមពីក្រោយក្រុមហុងកុង ដែលឈរលេខ៤ និងរកបាន ២ពិន្ទុ ជាមួយលទ្ធផល ៤ប្រកួតស្មើ ២ និងចាញ់ ២ មិនទាន់ស្គាល់ពាក្យដូចគ្នា។

ចំពោះការជួបគ្នាជើងទី២ រវាងកម្ពុជា និងម្ចាស់ផ្ទះហុងកុងវិញ គឺគ្រោងនឹងចាប់ផ្ដើមការប្រកួតនាវេលាម៉ោង ៧យប់ (ម៉ោងនៅកម្ពុជា) នាថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខ ហើយអ្វីដែលពិសេស ការប្រកួតនេះ ក៏នឹងមានការផ្សាយបន្ដផ្ទាល់ពីក្រុមហ៊ុន CBS ( CTN, CNC, MYTV ) ផងដែរ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់