លោក Felix Dalmas៖ «…ទោះបីជាយើងមិនឈ្នះ ប៉ុន្តែវាជាបទពិសោធ៍មួយដ៏ល្អមុនទៅហុងកុង…»

មាស សុផាណារ៉ុង November 14, 2019


 

ភ្នំពេញ៖ លោក Filex Dalmas គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា ក្រោយពីបាននាំក្រុមប្រកួតស្មើជាមួយ ក្រុមជម្រើសជាតិម៉ុងហ្គោលី ក្នុងលទ្ធផល ១ទល់១ នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ បានបញ្ជាក់ថា «…ទោះបីជាយើងមិនឈ្នះ ប៉ុន្តែវាជាបទពិសោធ៍មួយដ៏ល្អមុនទៅហុងកុង…»។

ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត លោក Filex G.Dalmas បានលើកឡើងថា៖ «ការប្រកួតថ្ងៃនេះ យើងដឹងថាអ្វីដែលយើងរំពឹងទុក ការប្រកួតគឺដូចទៅនឹងអ្វីដែលយើងមានគម្រោង យុទ្ធសាស្ត្រ ក្រុមទាំងមូលត្រូវមានការវិវត្តន៍ទៀត ប៉ុន្តែការគិតមានការរីកចម្រើន ខ្ញុំមានអារម្មណ៍ថាយើងធ្វើបានល្អ ហើយយើងត្រូវពិនិត្យមើលបន្ថែមទៀត ជុំវិញនៅពេលដែលរកគ្រាប់បាល់ និងក្រោយពេលដែលរកគ្រាប់បាល់ ប៉ុន្តែជារួមវាគឺជាបទពិសោធន៍ដ៏ល្អសម្រាប់យើង ទោះបីជាយើងមិនឈ្នះ ប៉ុន្តែវាជាបទពិសោធ៍មួយដ៏ល្អមុនទៅហុងកុង ដែលជាក្រុមខ្លាំង។»

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនដដែលរូបនេះបានបន្តទៀតថា៖ «យើងនៅតែចង់បន្តការអភិវឌ្ឍន៍នៃការលេងរបស់យើងឲ្យបានកាន់តែល្អ ហើយការប្រកួតនេះ យើងក៏បានព្យាយាមឲ្យកីឡាករដទៃបានបង្ហាញផងដែរ ហើយពិតជារីករាយនូវអ្វីដែលពួកគេបានធ្វើ ហើយវាក៏ពិតជារីករាយដូចគ្នាដែលបានឃើញកីឡាករបង្ហាញ ១០០ភាគរយ ហើយក៏ដើម្បីជាការប្រកួតប្រជែងផងដែរ ចំពោះអ្នកដែលបានលេងពីមុន ហើយនឹងអ្នកមិនដែលលេងពីមុនក៏អាចមានការប្រកួតប្រជែងគ្នាផងដែរ នេះគឺជាអ្វីដែលធ្វើឲ្យកម្ពុជា រីកចម្រើនផងដែរ។»

សូមបញ្ជាក់ថា កម្ពុជា នឹងមានការប្រកួតបន្តទៀតនៅក្នុងពូល C នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាមួយជម្រើសកោះហុងកុង ដែលជាការប្រកួតទី៥ ប្រចាំពូល G នៃវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification-AFC )៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់