CBS ទទួលបានសិទ្ធផ្សាយបន្ដផ្ទាល់កម្ពុជា ប៉ះហុងកុង ថ្ងៃទី១៩-វិច្ឆិកា ខាងមុខនេះ

មាស សុផាណារ៉ុង November 14, 2019


 

ភ្នំពេញ៖ ក្រុមហ៊ុន CBS ( CTN, CNC, MYTV ) បានបង្ហើបថា ក្រុមហ៊ុនបានទទួលសិទ្ធផ្សាយបន្ដផ្ទាល់ សម្រាប់ជំនួបរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមម្ចាស់ផ្ទះហុងកុង ក្នុងវគ្គជម្រុះបានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup Qualification–AFC ) នាថ្ងៃទី១៩ ខែវិច្ឆិកា ខាងមុខ នៅកីឡដ្ឋាន Hong Kong Stadium។

នេះគឺជាដំណឹងល្អមួយ សម្រាប់អ្នកគាំទ្រកម្ពុជា ដែលកំពុងទន្ទឹងរង់ចាំទស្សនា និងគាំទ្រដល់ក្រុមជម្រើសជាតិកម្ពុជា ដែលត្រូវជួបតតាំងជាមួយក្រុមហុងកុង។ ចំពោះការប្រកួតនេះដែរ នឹងចាប់ផ្ដើមនាវេលាម៉ោង ៧៖០០នាទីយប់ (ម៉ោងនៅកម្ពុជា)។

ក្រុមគោព្រៃកម្ពុជា នឹងមានការចូលរួមដឹកនាំផ្ទាល់ដោយអ្នកចាត់ការទៅ លោក Keisuke Honda គ្រូបង្វឹក និងកីឡាករក្រុមជម្រើសជាតិកម្ពុជា ដែលគ្រោងចេញទៅហុងកុង នៅថ្ងៃបន្ទាប់ក្រោយប្រកួតមិត្តភាពជាមួយ ម៉ុងហ្គោលី។

គួរបញ្ជាក់ថា នេះជាការប្រកួតទី៥ ក្នុងពូល C របស់ក្រុមគោព្រៃកម្ពុជា បន្ទាប់ពីឆ្លងកាត់ ៤ប្រកួតស្មើហុងកុង ១-១ និងចាញ់បារ៉ែន ១-០ ក្នុងដី កាលពីពេលថ្មីៗ ចាញ់អ៊ីរ៉ង់ ១៤-០ និងចុងក្រោយចាញ់ អ៊ីរ៉ាក់ ០-៤៕

 

អត្ថបទ៖ បុត្រា

មតិយោបល់