វិសាខា និងភ្នំពេញក្រោន ប្រកាសចែកផ្លូវកីឡាកររៀងៗខ្លួនក្រោយចប់រដូវកាល​២០១៩

មាស សុផាណារ៉ុង November 14, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់វិសាខា និងក្លឹបបាល់ទាត់ភ្នំពេញក្រោន នាពេលថ្មីៗនេះ បានប្រកាសចែកផ្លូវជាមួយកីឡាកររៀងៗខ្លួន ក្រោយការប្រកួតរដូវកាល២០១៩ នៃលីគកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់។

ទៀង ទីនី លេខ៤ និង ចិន វណ្ណៈ លេខ៣៨

ក្លឹបបាល់ទាត់វិសាខា កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានប្រកាសចែកផ្លូវជាមួយកីឡាករ ២រូប ពោលគឺកីឡាករ ចិន វណ្ណៈ និងកីឡាករ ទៀង ទីនី ដែលសុទ្ធសឹងតែជាខ្សែការពារ។

កីឡាករទាំងពីររូបបានរួមចំណែកជាមួយក្លឹបចាប់តាំងពីប្រកួតនៅលីគទី២ ក្នុងឆ្នាំ២០១៧ ហើយជួយឲ្យវិសាខា ឡើងមកលីគកំពូលកម្ពុជា នៅឆ្នាំ២០១៨ និងបញ្ចប់ក្នុងលីគដោយឈរនៅលេខ៣ ហើយឆ្នាំ២០១៩ នេះ ជួយក្រុមឲ្យឈរនៅលេខ២។

ដោយឡែកនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ កីឡាករ ៣រូបត្រូវបានក្លឹបបាល់ទាត់ភ្នំពេញក្រោន ប្រកាសចែកផ្លូវផងដែរ បន្ទាប់ពីចំណាយពេល ១រដូវកាលពេញ និងពុំទទួលបានជោគជ័យ ពោលគឺកីឡាករសញ្ជាតិអាហ្វ្រិកខាងត្បូង Shane Booysen កីឡាករជើងចាស់ នៅ សុខសិលា និង ពុំ តុលា។

ខ្សែបម្រើ សុខសិលា បានចូលរួមជាមួយភ្នំពេញក្រោន កាលពីដើមរដូវកាល២០១៩ ដោយបង្ហាញខ្លួន ៦លើក និងរកបាន ២គ្រាប់ គ្រប់ពានរង្វាន់ ខណៈ ពុំ តុលា បង្ហាញខ្លួនបាន ៣ប្រកួត ស្របពេល Booysen ចូលរួមជាមួយភ្នំពេញក្រោន ម្តងទៀតនាពាក់កណ្តាលរដូវកាល ដោយរកបាន៧គ្រាប់ ក្នុងចំណោមនៃការបង្ហាញខ្លួន ១២ប្រកួត។ កីឡាករទាំង ៣រូបរួមចំណែកឲ្យ ភ្នំពេញក្រោន បញ្ចប់ទៅដោយឈរនៅលេខ៦ នៃលីគកំពូលកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ទីផ្សារដោះដូរកីឡាករនៅលីគកំពូលកម្ពុជា គឺគ្រោងនឹងបើកនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០៕

 

រូបភាព៖ ក្លឹបបាល់ទាត់វិសាខា និងភ្នំពេញក្រោន

អត្ថបទ៖ ណារ៉ុង

មតិយោបល់