U-19 កម្ពុជា ទទួលប្រាក់រង្វាន់លេីកទឹកចិត្តពីប្រធានសហព័ន្ធ ក្រោយធ្វើបានល្អក្នុងវគ្គជម្រុះ AFC U-19

មាស សុផាណារ៉ុង November 14, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា ក្រោយធ្វើបានល្អក្នុងវគ្គជម្រុះពានជើងឯកយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ ( AFC U-19 Championship 2020 Qualifiers ) ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះប្រចាំពូល G។

យោងតាមការប្រកាសដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៩ បានបញ្ជាក់ថា ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា ប្រគល់ប្រាក់រង្វាន់លេីកទឹកចិត្តក្នុងម្នាក់ទទួលបានទឹកប្រាក់ចំនួន ៤លានរៀល សរុបទាំងអស់ ១២៨លានរៀល ដល់ក្រុមជម្រេីសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ និងក្រុមការងារគ្រូបង្វឹក ក្នុងការខិតខំប្រឹងប្រែងក្នុងព្រឹត្តិការណ៍
ការប្រកួត AFC U-19 Championship 2020 Qualifiers។

សូមបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ធ្វើបានយ៉ាងល្អនៅក្នុងពានរង្វាន់ដដែលនេះ ដោយ ៤ប្រកួត ឈ្នះ៣ និងចាញ់១ មាន ៩ពិន្ទុ ហើយឈរនៅលេខ២ ប្រចាំពូល និងកំពុងអង្គុយចាំ ដោយឈរនៅលេខរៀងទី៥ ជាក្រុមលេខ២ល្អ ជាបណ្ដោះអាសន្ន ដែលអាចឡើងទៅជុំផ្ដាច់ព្រ័ត្រនៃពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ ( AFC U19 Championship 2020 ) ប៉ុន្តែត្រូវអង្គុយរង់ចាំ ការប្រកួតពូល A បញ្ចប់សព្វគ្រប់សិន។

ពូល A នេះគ្រោងនឹងធ្វើការប្រកួតនៅចន្លោះថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានក្រុមចំនួន៥ រួមមាន អ៊ីរ៉ាក់, អូម៉ង់, ប៉ាឡេស្ទីន, គុយវែត និងប៉ាគីស្ថាន ដែលជាក្រុមមាន ៥ពូលដូច កម្ពុជា៕

** សូមបញ្ជាក់ថា ដោយសារ ២ពូល មាន ៥ក្រុម ដូច្នេះពិន្ទុដែលបានមកពីការប្រកួតជាមួយក្រុមបាតតារាង (លេខ៥) មិនត្រូវបានយកមករាប់បញ្ជូលឡើយ ជាក់ស្ដែង កម្ពុជា ដែលរកបាន ៣ពិន្ទុជាមួយក្រុមបាតារាង កោះម៉ារីណាខាងជើង មិនត្រូវបានរាប់បញ្ជូលឡើយ។

តារាងចំណាត់ថ្នាក់ប្រៀបធៀបក្រុមលេខ២ ល្អ៖

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់