ធារី ចន្ថាប៊ីន កំពុងរារែកចិត្ត គួរបន្ដលេងនៅម៉ាឡេស៊ី ឬមកខ្មែរ ក្រោយចែកផ្លូវពី Terengganu

មាស សុផាណារ៉ុង November 14, 2019


 

ភ្នំពេញ៖ កីឡាករជម្រើសជាតិកម្ពុជា ធារី ចន្ថាប៊ីន បានបញ្ជាក់ថា កុងត្រារបស់ខ្លួនជាមួយក្លឹប Terengganu FC នឹងត្រូវផុតនៅថ្ងៃទី៣០ ខែវិច្ឆិកា ខាងមុខ តែក្លឹបសមាជិកលីគកំពូលម៉ាឡេស៊ីនេះ មិនបន្ដកុងត្រាថ្មីនោះទេ។ ទន្ទឹមជាមួយគ្នា ក៏មានក្លឹបជាច្រើនបានទាក់ទងរូបគេផងដែរ ពោលគឺមានទាំងក្លឹបនៅខ្មែរ និងក្លឹបនៅម៉ាឡេស៊ី តែ ធារី ថាកំពុងរារែកចិត្តក្នុងការគិតនៅឡើយ។

អតីតកីឡាករក្លឹបភ្នំពេញក្រោនរូបនេះ បាននិយាយថា៖ «ពាក់ព័ន្ធនឹងអនាគតបាល់ទាត់របស់ខ្ញុំ ខ្ញុំកំពុងរង់ចាំមើលសិន ព្រោះឥលូវមាន ២-៣ក្លឹបនៅខ្មែរ ហើយមាន ២-៣ក្លឹប នៅម៉ាឡេស៊ី គេបានទាក់ទងខ្ញុំ ប៉ុន្ដែខ្ញុំរង់ចាំដោះស្រាយកុងត្រាជាមួយក្លឹប Terengganu ឲ្យរួចរាល់ ១០០% សិន ចឹងខ្ញុំរង់ចាំសិន ព្រោះកុងត្រាខ្ញុំជាមួយ Terengganu នឹងត្រូវផុតនៅថ្ងៃទី៣០-វិច្ឆិកា ហើយគេបញ្ជាក់ហើយថា អត់បន្ដកុងត្រាទេ។»

ឆ្លើយតបនឹងសំណួរ តើ ធារី ចង់បន្ដលេងនៅម៉ាឡេស៊ី ឬចង់ត្រឡប់មកប្រកបអាជីពនៅកម្ពុជាវិញ? ខ្សែបម្រើកូនកាត់ខ្មែរ-បារាំងរូបនេះ បាននិយាយថា៖ «ខ្ញុំមិនទាន់ដឹងទេ ខ្ញុំកំពុងគិតនៅឡើយ។» នេះបើតាមការបញ្ជាក់ប្រាប់សារព័ត៌មាន Camsports.org បន្ទាប់ពី ធារី បានធ្វើដំណើរមកដល់កម្ពុជា ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ជាមួយក្រុមគោព្រៃកម្ពុជា ត្រៀមប្រកួតមិត្តភាពអន្ដរជាតិជាមួយម៉ុងហ្គោលី ល្ងាចនេះ។

គួរបញ្ជាក់ថា ខ្សែបម្រើវ័យ ២៨ឆ្នាំខាងលើ បានរួមរស់ជាមួយក្លឹប Terengganu FC ចំនួន ២រដូវកាលមកហើយ នៅឆ្នាំ២០១៨ និងឆ្នាំ២០១៩ ក្រោយចាកចេញពីក្លឹបភ្នំពេញក្រោន នៅឆ្នាំ២០១៦ ដោយបន្ដទៅលេងឲ្យក្លឹប Krabi របស់ថៃ កាលពីឆ្នាំ២០១៧ កន្លងទៅ៕

 

រូបភាព៖ Terengganu Football Club

អត្ថបទ៖ បុត្រា

មតិយោបល់