ទេស សម្បត្តិ ទទួលស្គាល់ថាពិបាកក្នុងការប្រជែងតំណែងជម្រើស ១១នាក់ ដំបូង ជាមួយក្រុមជម្រើសជាតិកម្ពុជា

មាស សុផាណារ៉ុង November 14, 2019


 

ភ្នំពេញ៖ កីឡាករ ទេស សម្បត្តិ ទទួលស្គាល់ថា ពិតជាពិបាកសម្រាប់រូបគេក្នុងការប្រជែងតំណែងជម្រើស ១១នាក់ដំបូង ស្របពេលដែលមិនទាន់បានបង្ហាញខ្លួនសម្រាប់ជម្រើសជាតិកម្ពុជាឈុតធំ បើទោះបីជាទទួលបានការកោះហៅចូលក្រុមជម្រើសជាតិជាទៀងទាត់ក៏ដោយ។

កម្ពុជា នឹងត្រូវប្រកួតជាមួយ ម៉ុងហ្គោលី ក្នុងការប្រកួតមិត្តភាពអន្តរជាតិល្ងាចថ្ងៃទី១៤ វិច្ឆិកា នេះ ហើយខ្សែការពារកណ្តាលរបស់ក្លឹបបាល់ទាត់បឹងកេត រូបនេះបានបញ្ជាក់ថា គោព្រៃ នឹងយកការប្រកួតនេះ ដើម្បីសាកល្បងកីឡាកររបស់ខ្លួនមុនការប្រកួតទល់នឹង ហុងកុង ក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោក( 2022 FIFA World Cup qualifiers)។

កីឡាករវ័យ ១៩ឆ្នាំរូបនេះកំពុងអត់ធ្មត់ និងរង់ចាំឱកាសក្នុងការធ្វើឲ្យគ្រូបង្វឹក Felix Dalmas ចាប់អារម្មណ៍ ខណៈដែលរូបគេជឿជាក់ថា ខ្លួនផ្ទាល់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការឈានជើងចូលក្នុងជម្រើស ១១នាក់ដំបូងរបស់ ជម្រើសជាតិកម្ពុជា។

កីឡាករដែលទើបតែឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជាមួយនឹងបឹងកេតនៅរដូវកាលនេះ បានប្រាប់គេហទំព័រ camsports.org ថា៖ «វានឹងក្លាយជាការប្រកួតដ៏ល្អមួយសម្រាប់យើង។ ពួកគេមានចំណាត់ថ្នាក់ FIFA ទាបជាងយើង ប៉ុន្តែពួកគេគឺជាក្រុមល្អ ហើយអាចលេងបានល្អផងដែរ។»

«ពិតណាស់ យើងនឹងប្រើការប្រកួតមិត្តភាពជាមួយម៉ុងហ្គោលី ដើម្បីរៀបចំក្រុមរបស់យើង (ទល់នឹងហុងកុង)។ បន្ទាប់ពីការប្រកួត យើងនឹងអាចរៀនសូត្រពីអ្វីដែលយើងត្រូវកែលម្អ។ យើងក៏អាចប្រើវាដើម្បីសាកល្បងកីឡាកររបស់យើងដែរ។» ទេស សម្បត្តិ បានបន្ត។

នៅពេលដែលសួរនាំអំពីឱកាសបង្ហាញខ្លួនលើកដំបូង អតីតយុវជនថ្នាលរបស់សាលាបាល់ទាត់ជាតិបាទីរូបនេះ បានបន្ថែមថា៖ «វានឹងពិបាកសម្រាប់ខ្ញុំក្នុងការទទួលបានឱកាសលេង ហើយខ្ញុំមិនមានក្តីសង្ឃឹមខ្ពស់ក្នុងការទទួលបានឱកាស (ប្រកួតទល់នឹងម៉ុងហ្គោលី) ទេ។ ខ្ញុំបានលេងឲ្យបឹងកេត មួយរដូវកាល ហើយខ្ញុំគិតថា ខ្ញុំអាចនឹងគ្រប់គ្រាន់ដើម្បីលេងឲ្យជម្រើសជាតិកម្ពុជា។ ខ្ញុំត្រូវរង់ចាំឱកាសរបស់ខ្ញុំ ហើយប្រសិនបើខ្ញុំមានឱកាស ខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាព។ ខ្ញុំបានរៀនសូត្រច្រើនពីជំរំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកម្ពុជា។ អ្វីដែលខ្ញុំត្រូវការដើម្បីកែលម្អបំផុត គឺត្រូវគិតឱ្យបានលឿនជាងមុន។»

សូមរំលឹកជាថ្មីថា ការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំរវាង ក្រុមជម្រើសជាតិកម្ពុជា ជាមួយ ក្រុមជម្រើសជាតិម៉ុងហ្គោលី នឹងធ្វើឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ នាវេលាម៉ោង ៦:៣០ នាទីល្ងាច លើវាលស្មៅសិប្បន្មិមិត្តនៃពហុកីឡដ្ឋានជាតិ ដោយនឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់