លោក Felix Dalmas ជុំវិញគុណសម្បត្តិនៃការលេងក្នុងដីសម្រាប់ជំនួបមិត្តភាពជាមួយ ម៉ុងហ្គោលី

មាស សុផាណារ៉ុង November 13, 2019


 

ភ្នំពេញ៖ ជម្រើសជាតិកម្ពុជា នឹងស្វាគមន៍ ក្រុមជម្រើសជាតិម៉ុងហ្គោលី ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី១៤ វិច្ឆិកា ស្អែក ដែលនឹងក្លាយជាការប្រកួតក្នុងដីលើកចុងក្រោយបង្អស់របស់គោព្រៃកម្ពុជា ផងដែរ។

ភ្ជាប់ជាមួយគ្នា លោក Felix Dalmas គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា បានអំពាវនាវដល់អ្នកគាំទ្រឲ្យមកបង្ហាញការគាំទ្ររបស់ពួកគេដល់ក្រុម ព្រោះលោកជឿជាក់ថាវាអាចផ្តល់ឱ្យកីឡាករនូវថាមពលកាន់តែច្រើន និងបង្កើនទំនុកចិត្តក្រុមក្នុងកំឡុងពេលប្រកួតក្នុងដីលើកចុងក្រោយ។

គ្រូបង្វឹកកម្ពុជា បានចាត់ទុកម៉ុងហ្គោលី ថាជាគូប្រជែងប្រហាក់ប្រហែលនឹងហុងកុង ដែលកម្ពុជាត្រូវប្រឈមមុខក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោក ( 2022 FIFA World Cup )នៅថ្ងៃទី១៩ ខែវិច្ឆិកា ដូច្នេះវានឹងផ្តល់ឲ្យក្រុមរបស់លោក នូវការរៀបចំដ៏ល្អសម្រាប់ការប្រកួតនោះ។ ថ្លែងទៅកាន់សន្និសីទសារព័ត៌មានមុនការប្រកួតនាព្រឹកថ្ងៃទី១៣ វិច្ឆិកា គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន រូបនេះបាននិយាយថា៖ «យើងដឹងថាម៉ុងហ្គោលីគឺជាក្រុមដែលស្រដៀងនឹងហុងកុង ដូច្នេះវានឹងក្លាយជាការរៀបចំដ៏ល្អសម្រាប់យើង និងពួកគេផងដែរ។ យើងសង្ឃឹមថា យើងនឹងលេងប្រព័ន្ធរបស់យើង ហើយពួកគេពិតជាគូប្រជែងដ៏ល្អសម្រាប់យើងក្នុងការប្រកួតជាមួយនឹងយើង។» 

«វាជាការប្រកួតក្នុងដីចុងក្រោយ ដូច្នេះខ្ញុំសង្ឃឹមថាអ្នករាល់គ្នានឹងមកចូលរួមទស្សនាគាំទ្រ។ កីឡាករកំពុងហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីអនុវត្តបានល្អ និងបង្កើតឲ្យមានការប្រកួតដ៏ល្អមួយផងដែរ។ ដូចរាល់ដងការលេងនៅផ្ទះគឺល្អសម្រាប់យើង ហើយខ្ញុំជឿជាក់ថាវាគ្រាន់តែជាបទពិសោធន៍សម្រាប់កីឡាករប៉ុណ្ណោះ។ យើងមានកីឡាករវ័យក្មេង ដូច្នេះក្នុងរយៈពេលពីរ បីឆ្នាំ ខាងមុខវានឹងក្លាយជាបទពិសោធន៍ល្អសម្រាប់ពួកគេ។» លោក Felix បានបន្ថែម។

លោកសង្កតធ្ងន់ទៀតថា៖ «អ្នកដឹងទេការលេងនៅក្នុងដីរបស់យើងអាចទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីអ្នកដែលផ្តល់ថាមពល និងកម្លាំងដល់យើង។ យើងលេងដើម្បីប្រជាជនកម្ពុជា ដូច្នេះសូមចូលរួមគាំទ្រក្រុមនេះ។ យើងនឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីធ្វើឲ្យអ្នករីករាយ។ យើងត្រូវរួមគ្នា ហើយយើងនឹងយកថាមពលទាំងនេះទៅហុងកុង ផងដែរ។»

សូមរំលឹកជាថ្មីថា ការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំរវាង ក្រុមជម្រើសជាតិកម្ពុជា ជាមួយ ក្រុមជម្រើសជាតិម៉ុងហ្គោលី នឹងធ្វើឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្អែកនេះ នាវេលាម៉ោង ៦:៣០ នាទីល្ងាច លើវាលស្មៅសិប្បន្មិមិត្តនៃពហុកីឡដ្ឋានជាតិ ដោយនឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់