គ្រូម៉ុងហ្គោលី ចង់ឃើញកីឡាករខ្លួនលេងក្រោមក្រសែភ្នែកទស្សនិកជនរាប់ម៊ឺននាក់ ដើម្បីបង្កើនសមត្ថភាពទៅថ្ងៃអនាគត

មាស សុផាណារ៉ុង November 13, 2019


 

ភ្នំពេញ៖ ការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំរវាង កម្ពុជា ជាមួយ ម៉ុងហ្គោលី នឹងមកដល់នៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ខណៈមុនការប្រកួតគ្រូបង្វឹករបស់ម៉ុងហ្គោលី បានបង្ហើបថា ចង់ឃើញកីឡាករខ្លួនលេងក្រោមក្រសែភ្នែកទស្សនិកជនរាប់ម៊ឺននាក់ ដើម្បីបង្កើនសមត្ថភាពទៅថ្ងៃមុខ។

នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត នៅព្រឹកថ្ងៃទី១៣ វិច្ឆិកា នេះ លោក Michael Weiss បានបង្ហើបពីមូលហេតុចំបងដែលមកកម្ពុជា ទាំងការហ្វឹកហាត់ ក៏ដូចជាត្រៀមការប្រកួតមិត្តភាព ក្នុងរយៈពេលយូរមុនការប្រកួតមកដល់ ដល់ទៅ ១សប្ដាហ៍គឺដោយសារតែត្រូវប្រកួតជាមួយ ជម្រើសជាតិមីយ៉ាន់ម៉ា ក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោក ស្របពេលដែលលក្ខខណ្ឌអាកាសធាតុនៅកម្ពុជា គឺប្រហាក់ប្រហែលទៅនឹងមីយ៉ាន់ម៉ា។

លោកបានបន្តទៀតផងដែរថា ក្នុងការប្រកួតជាមួយកម្ពុជា៖ «ពិតណាស់ យើងលេងជាមួយក្រុមដែលមានកម្រិតប្រហាក់ប្រហែលនឹងមីយ៉ាន់ម៉ា ហើយក៏ជាក្រុមដែលកំពុងមានដំណើរវិវត្តន៍ទៅមុខ ខ្ញុំគិតថាវាមិនជាបញ្ហាឡើយដែលចាញ់ក្រុមដែលខ្លាំង ខ្ញុំអាចមើលឃើញថាបាល់ទាត់គេនឹងរីកចម្រើន ហើយខ្ញុំសង្ឃឹមថាអ្នកគាំទ្រនឹងចូលរួមទស្សនាច្រើនកុះករ យើងចង់ឲ្យកីឡាកររបស់វ័យក្មេងយើងទម្លាប់ទៅនឹងទីលាន ដែលមានទស្សនាច្រើនកុះករដើម្បីបង្កើនសមត្ថភាពឲ្យរីកចម្រើនបន្ថែមទៀត យើងក៏កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ ហើយយើងបានធ្វើបានយ៉ាងល្អក្នុង ៤, ៥ខែកន្លងមកនេះ ហើយវាត្រូវពេលវេលាបន្ថែមទៀត ប៉ុន្តែពេលនេះយើងចង់ទៅដល់កម្រិតមួយទៀត ស្របពេលដែលកម្ពុជា ក៏ជាក្រុមដែលខ្លាំងដូចគ្នា។»

សូមរំលឹកជាថ្មីថា ការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំរវាង ក្រុមជម្រើសជាតិកម្ពុជា ជាមួយ ក្រុមជម្រើសជាតិម៉ុងហ្គោលី នឹងធ្វើឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្អែកនេះ នាវេលាម៉ោង ៦:៣០ នាទីល្ងាច លើវាលស្មៅសិប្បន្មិមិត្តនៃពហុកីឡដ្ឋានជាតិ ដោយនឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕

 

រូបភាព៖ MONGOLIAN FOOTBALL FEDERATION

អត្ថបទ៖ ណារ៉ុង

មតិយោបល់