U-19 កម្ពុជា ឈរនៅលេខរៀងទី៥ ជាក្រុមលេខ២ល្អ អាចឡើងជុំផ្ដាច់ព្រ័ត្រ នឹងត្រូវអង្គុយរង់ចាំអ៊ុតពូល ​A

មាស សុផាណារ៉ុង November 11, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ ទីបំផុតឈរនៅលេខរៀងទី៥ ជាក្រុមលេខ២ល្អ ជាបណ្ដោះអាសន្ន នឹងអាចឡើងទៅជុំផ្ដាច់ព្រ័ត្រនៃពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ ( AFC U19 Championship 2020 ) ប៉ុន្តែត្រូវអង្គុយរង់ចាំ ការប្រកួតពូល A បញ្ចប់សព្វគ្រប់សិន។

អាចឈរនៅលេខ៥ ជាបណ្ដោះអាសន្នគឺបន្ទាប់ពី កម្ពុជា រកបាន ៦ពិន្ទុ ក្នុងចំណោម ៣ប្រកួតដែលត្រូវយកមកគណនាពិន្ទុ ជាមួយនឹងគ្រាប់បាល់ ៣គ្រាប់ក្នុងដៃ ស្របពេលដែលក្រុមលេខ២ ចំនួន ៤ផ្សេងទៀតដូចជា ឡាវ, វៀតណាម, អ៊ូប៊ីគីស្ថាន ( ម្ចាស់ផ្ទះជុំផ្ដាច់ព្រ័ត្រ នៅឆ្នាំ ២០២០ ) និង យេម៉េន បានធានាកៅអី ១០០ភាគរយហើយទោះបីជាលទ្ធផលបែបណាក៏ដោយ។

តារាងចំណាត់ថ្នាក់ប្រៀបធៀបក្រុមលេខ២ ល្អ៖

ចំពោះកម្ពុជា គឺនៅមិនទាន់ធានាកៅអី ១០០ភាគរយនៅឡើយទេ ពោលគឺនៅរង់ចាំតែលទ្ធផលពីពូល A ប៉ុណ្ណោះទើបអាចសម្រេចថាបែបណាបាន ខណៈពូល A នេះគ្រោងនឹងធ្វើការប្រកួតនៅចន្លោះថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានក្រុមចំនួន៥ រួមមាន អ៊ីរ៉ាក់, អូម៉ង់, ប៉ាឡេស្ទីន, គុយវែត និងប៉ាគីស្ថាន ដែលជាក្រុមមាន ៥ពូលដូច កម្ពុជា។

គួររំលឹកថា ក្នុងពានរង្វាន់ដដែលនេះកាលពី ២ឆ្នាំមុន ( ឆ្នាំ២០១៧ ) U-19 កម្ពុជា ស្ទើរតែទទួលបានឱកាសឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ជាលើកដំបូងទៅហើយ បន្ទាប់ពីបានឈរក្នុងនាមជាក្រុមលេខ២ ល្អដែលត្រូវយកទៅប្រៀបធៀប ប៉ុន្តែចាញ់ត្រង់គ្រាប់បាល់ទាត់ចូលទីគូប្រកួត ជាមួយក្រុមដែលប្រៀបធៀបចុងក្រោយគឺ U-19 ម៉ាឡេស៊ី ដែលមានពិន្ទុដូចគ្នា តែអាចទាត់ចូលទីគូប្រកួតបានដល់ទៅ ៤គ្រាប់៕

 

** សូមបញ្ជាក់ថា ដោយសារ ២ពូល មាន ៥ក្រុម ដូច្នេះពិន្ទុដែលបានមកពីការប្រកួតជាមួយក្រុមបាតតារាង (លេខ៥) មិនត្រូវបានយកមករាប់បញ្ជូលឡើយ ជាក់ស្ដែង កម្ពុជា ដែលរកបាន ៣ពិន្ទុជាមួយក្រុមបាតារាង កោះម៉ារីណាខាងជើង មិនត្រូវបានរាប់បញ្ជូលឡើយ។

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់