លោក ប្រាក់ សុវណ្ណារ៉ា៖ «អនាគតបាល់ទាត់កម្ពុជា កំពុងភ្លឺស្វាង»

មាស សុផាណារ៉ុង November 10, 2019


 

ភ្នំពេញ៖ អតីតគ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា លោក ប្រាក់ សុវណ្ណារ៉ា អះអាងថាអនាគតកីឡាបាល់ទាត់កម្ពុជា កំពុងភ្លឺស្វាង បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ បានយកឈ្នះក្រុមជម្រើសជាតិថៃ អាយុក្រោម១៩ឆ្នាំ ២ទល់១ ក្នុងការប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ ( AFC U19 Championship 2020 Qualifiers ) វគ្គជម្រុះ ប្រចាំពូល G។

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ នឹងត្រូវជួបជាមួយ ក្រុមជម្រើសជាតិប្រ៊ុយណេ អាយុក្រោម១៩ឆ្នាំ នាល្ងាចថ្ងៃទី១០ ខែវិច្ឆិកា នេះ ក្នុងការប្រកួតចុងក្រោយប្រចាំពូល G ហើយបើសិនជាទទួលជ័យជម្នះនោះទំនងជានឹងអាចនាំ កម្ពុជា ឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រនៃពានរង្វាន់ដដែលនេះ។ ស្របពេលដែលជ័យជម្នះដ៏ធំធេង ២ទល់១ លើ U19 ថៃ និងជ័យជម្នះ ៩ទល់០ លើកោះម៉ារីណាខាងជើង គួរត្រូវបានចាត់ទុកជាសមិទ្ធិផលដ៏អស្ចារ្យមួយសម្រាប់ U-19 កម្ពុជា។

ជាមួយនឹងអ្វីដែលក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំទទួលបានជោគជ័យ លោក ប្រាក់ សុវណ្ណារ៉ា បានកោតសរសើរចំពោះការសម្រេចចិត្តដែលអនុញ្ញាតឲ្យ យុវជនសាលាបាល់ទាត់ជាតិបាទី ចូលរួមប្រកួតនៅលីគកំពូលកម្ពុជា រដូវកាលនេះ ដែលបានធ្វើឲ្យកីឡាករយុវជនមានឱកាសបង្ហាញសមត្ថភាពក្នុងបាល់ទាត់កម្រិតខ្ពស់។

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជារូបនេះបានប្រាប់សារព័ត៌មាន camsports.org ថា៖ «ថ្មីៗនេះ យើងបានបង្ហាញពីគុណភាពរបស់យើងនៅពេលដែលយុវជនយើង មានឱកាសលេងក្នុងលីគរបស់យើង។ ដូចដែលអ្នកបានឃើញ មិត្ត សាម៊ើុយ បានលេងស្ទើរតែរាល់ការប្រកួតលីគទាំងអស់សម្រាប់ ក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ។ ហើយ សៀង ចន្ធា មានបទពិសោធច្រើនជាមួយក្រុមជម្រើសជាតិ ក៏ដូចជានៅក្នុងលីគកំពូលកម្ពុជាដូចគ្នា។

«ពួកគេ ត្រូវតែរក្សាគុណភាពរបស់ពួកគេតាំងពីក្មេង ហើយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កំពុងតែខិតខំប្រឹងប្រែងដើម្បីសំរេចគោលដៅនេះ។​ ផែនការ និងទម្រង់លេងរបស់យើង យើងកំពុងធ្វើឲ្យកាន់តែច្បាស់ ព្រោះយើងចង់ឲ្យកីឡាកររបស់យើងទទួលបានអត្ថប្រយោជន៍ពីល្បឿន និងកម្លាំងរបស់ពួកគេ។ នេះជាគោលការណ៍របស់យើង ហើយយើងត្រូវបន្តខិតខំលើរឿងនេះ។ យើងត្រូវតែធ្វើ ឲ្យ បាល់ទាត់កាន់តែរស់រវើកថែមទៀត ដ្បិតបាល់ទាត់គឺជាកីឡាលេខ១ នៅកម្ពុជា ផងដែរ។ ក្លឹបបានផ្តល់ការគាំទ្របន្ថែមដល់កីឡាករ ហើយពួកគេក៏មានថវិកាកាន់តែច្រើនផងដែរ។» លោក ប្រាក់ សុវណ្ណារ៉ា បានបន្ត។

យុវជនសាលាបាល់ទាត់បាទី ប្រកួតក្នុងលីគកំពូលកម្ពុជា
មិត្ត សាម៊ើយ លេខ ៨២ ជាមួយក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ

អ្នកចាត់ការទូទៅនៃក្លឹបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ រូបនេះបន្ថែមថា៖ «ឪពុកម្តាយ និងសាធារណៈជន បានដឹងពីគុណសម្បត្តិនៃការលេងបាល់ទាត់ ហើយពួកគេលើកទឹកចិត្តកូនៗ របស់ពួកគេឲ្យលេងបាល់ទាត់។ ឪពុកម្តាយ ខ្លះថែមទាំងបង់ថ្លៃសាលាអោយសាលាបាល់ទាត់សំរាប់កូនៗរបស់ពួកគាត់ថែមទៀតផង។»

«សម្រាប់ហេតុផលទាំងនេះខ្ញុំជឿជាក់ថា បាល់ទាត់របស់យើងនឹងកាន់តែប្រសើរឡើង ហើយក្នុងពេលតែមួយយុវជនរបស់យើងត្រូវតែជៀសអោយឆ្ងាយពីគ្រឿងញៀន។ វាពិតជាអស្ចារ្យណាស់ដែលកីឡាករយុវជនមានមហិច្ឆិតាធ្វើជាកីឡាករអាជីព ហើយពួកគេត្រូវមានវិន័យផ្ទាល់ខ្លួនផងដែរ។ យុវជនរបស់យើងខ្លះមានទេពកោសល្យខ្ពស់ ប៉ុន្តែពួកគេខ្វះមហិច្ឆតា។ ពួកគេត្រូវតែជំរុញខ្លួនឯងឱ្យឈានដល់កម្រិតអាស៊ី ឬពិភពលោក។ យើងត្រូវតែធ្វើការជាមួយគ្នាដើម្បីសំរេចបាន។» លោក ប្រាក់ សុវណ្ណារ៉ា បន្ថែមចុងក្រោយ៕

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់