U-19 កម្ពុជា ត្រូវការឈ្នះ U-19 ព្រុយណេ ដាច់ខាតល្ងាចនេះនៃវគ្គជម្រុះ AFC U19

មាស សុផាណារ៉ុង November 10, 2019


 

ភ្នំពេញ៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា នឹងបន្តយុទ្ធនាការប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ ( AFC U19 Championship 2020 Qualifiers ) វគ្គជម្រុះ ប្រចាំពូល G នៅល្ងាចម៉ោង ៦:៣០ ថ្ងៃច័ន្ទទី១០ វិច្ឆិកា នេះ ដោយត្រូវជួបក្រុម U-19 ព្រុយណេ នៅកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

នេះជាការប្រកួតដ៏សំខាន់ ជាពិសេសសម្រាប់កម្ពុជា ដែលត្រូវការឈ្នះដាច់ខាត ដើម្បីបន្ថែមពិន្ទុ បន្ទាប់ពីប្រកួតបើកឆាក បានរងបរាជ័យក្រោមថ្វីជើង U-19 ម៉ាឡេស៊ី ៤ទល់៥ ប្រកួតទី២ ឈ្នះ កោះម៉ារីណាខាងជើង ០ទល់៩ និងប្រកួតទី៣ បន្តឈ្នះ ថៃ ២ទល់១ ហើយប្រកួតនេះជាប្រកួតប្រមូលពិន្ទុបន្ថែម និងជាពិន្ទុចុងក្រោយដើម្បីកាត់សេចក្ដីបានអ៊ុតឡើងទៅជុំបន្ត ខណៈ ព្រុយណេ វិញ ប្រកួតនេះ គឺគ្រាន់តែជាការប្រកួតបង្រ្គប់កិច្ចប៉ុណ្ណោះ ដ្បិតពុំមានឱកាសប្រជែងឡើងទៅជុំបន្តឡើយ។

ជាបណ្ដោះអាសន្ន កម្ពុជា មានប្រៀបជាង ព្រុយណេ បើយោងលើតារាងចំណាត់ថ្នាក់ក្នុងពូល G នេះ ដោយ កម្ពុជា ឈរនៅលេខ២ មាន ៦ពិន្ទុ ស្របពេលដែល ព្រុយណេ ឈរនៅលេខ៤ មាន ៣ពិន្ទុ ហើយ ៣ប្រកួតរបស់ ព្រុយណេ ក្នុងពូលជាមួយគ្នានេះ គឺឈ្នះ ១ និងចាញ់២ ពោលគឺ ឈ្នះ កោះម៉ារីណាខាងជើង ៣ទល់៤ និង ២ប្រកួតចុងក្រោយចាញ់ ថៃ ៩ទល់០ បន្ទាប់មកបន្តចាញ់ ម៉ាឡេស៊ី ១១ទល់០។

ដោយឡែកការប្រកួតមួយគូទៀត ថ្ងៃជាមួយគ្នាននេះផងដែរ និងចាការប្រកួតដ៏តានតឹងផងដែរនោះ ក្រុម​ជម្រើសជាតិ​ថៃ អាយុ​ក្រោម ១៩​ឆ្នាំ នឹងត្រូវ​ជាមួយ ជម្រើស​ជាតិម៉ាឡេស៊ី អាយុ​ក្រោម​១៩​ឆ្នាំ នៅវេលា​ម៉ោង ៣​:៣០ ​នាទី​រសៀល ទាំងពីរក្រុមសុទ្ធតែមានលទ្ធភាពអាចឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ដែលត្រូវកំណត់ជោគវាសនា នៅប្រកួតចុងក្រោយនេះ។

សូមបញ្ជាក់ថា កម្ពុជា ចូលរួមប្រកួតពានរង្វាន់ជើងឯកយុវជនអាយុក្រោម ១៩ឆ្នាំ ប្រចាំទ្វីបអាស៊ី វគ្គជម្រុះ ( AFC U19 Championship 2020 Qualifiers ) ដែលនឹងធ្វើឡើងពីថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើទឹកដីរបស់ប្រទេសកម្ពុជា ដោយបានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះពូល G ជាមួយ ថៃ, ម៉ាឡេស៊ី, ព្រុយណេ និងកោះម៉ារីណាខាងជើង៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់