មិត្ត សាមើុយ៖ «មួយគ្រាប់របស់ខ្ញុំ គឺដើម្បីទង់ជាតិ ដែលនៅលើអាវ»

មាស សុផាណារ៉ុង November 9, 2019


 

ភ្នំពេញ៖ មិត្ត សាម៊ើុយ បានជួយឲ្យក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ រកគ្រាប់បាល់នៅនាទី១៦ ដែលនាំឲ្យរូបគេបានក្លាយជាចំណែកមួយក្នុងការសម្រេចបាននូវលទ្ធផលដល់ជម្រើសជាតិ ក៏ដូចជាអ្នកគាំទ្រកម្ពុជាទាំងអស់ ក្នុងការទទួលជ័យជម្នះ ២ទល់១ លើជម្រើសជាតិថៃអាយុក្រោម ១៩ឆ្នាំ។

៣ពិន្ទុពីជ័យជម្នះដ៏មិនគួរឱ្យជឿកាលពីយប់មិញលើក្រុម U-19 ថៃ បានជួយ ឲ្យក្រុម U-19 កម្ពុជា ឡើងមកឈរនៅលេខ២ ក្នុងពូល G នៃវគ្គជម្រុះពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ ( AFC U19 Championship 2020 Qualifiers ) តាមពីក្រោយក្រុម U-19 ម៉ាឡេស៊ី ឈរកំពូលតារាង។

ម្ចាស់ផ្ទះកម្ពុជា U19 នឹងមិនត្រូវការអ្វីក្រៅតែពីការព្យាយាមប្រមូលឲ្យបាន ៣ពិន្ទុ ពីការប្រកួតចុងក្រោយនៃពូល G នេះ ជាមួយ U-19 ប្រ៊ុយណេ ដើម្បីអាចឈានទៅប្រកួតជុំផ្តាច់ព្រ័ត្រ ដែលជាក្តីសុបិនមួយផងដែររបស់ម្ចាស់គ្រាប់បាល់ដំបូង មិត្ត សាម៊ើុយ។

ខ្សែបម្រើរបស់ក្លឹបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិរូបនេះ បានប្រាប់សារព័ត៌មាន camsports.org ថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការរកគ្រាប់បាល់អោយក្រុម U19 កម្ពុជា ហើយគ្រាប់បាល់នេះ គឺសំរាប់ទង់ជាតិរបស់យើង ក្រុមរបស់យើង និងជាពិសេសសម្រាប់ប្រជាជនកម្ពុជារបស់យើង។»

«មុនពេលប្រកួត មានមនុស្សជាច្រើនបានមើលរំលងក្រុមយើង។ ពួកគេបានមើលស្រាលយើង ហើយពួកគេបាននិយាយថាយើងនឹងមិនអាចយកឈ្នះ U-19 ថៃ បានទេ។ មិនអីទេ។ យើងមិនខ្វល់ពីអ្វីដែលពួកគេបាននិយាយទេ។ យើងផ្តោតតែទៅលើការរៀបចំក្រុមរបស់យើងដើម្បីយកឈ្នះ U-19 ថៃ។» អតីតយុវជនភ្នំពេញក្រោនរូបនេះបន្ថែម។

និយាយអំពីក្ដីរំពឹងឈានទៅវគ្គបន្ត មិត្ត សាម៊ើុយ បានបន្តទៀតថា៖ «គោលដៅរបស់យើង គឺចង់ឆ្លងទៅជុំចុងក្រោយនៃពានរង្វាន់ AFC U19 Championship។ ខ្ញុំបានកំណត់គោលដៅនេះតាំងពី ២ឆ្នាំមុន នៅពេលដែលខ្ញុំលេងឲ្យ U16 កម្ពុជា។ ខ្ញុំសង្ឃឹមថានៅពេលនេះយើងអាចឈានដល់ការប្រកួតជុំបន្ទាប់។»

សូមបញ្ជាក់ថា ជាមួយការដណ្ដើមបាន ៣ពិន្ទុពីក្រុមខ្លាំងថៃមុននេះដែរ បានធ្វើឲ្យក្រុម U-19 កម្ពុជា ឡើងមកឈរលេខ២ ក្នុងពូល G វិញ ដោយមាន ៦ពិន្ទុស្មើគ្នាជាមួយក្រុម U-19 ថៃ ខណៈក្រុម U-19 ម៉ាឡេស៊ី បានឡើងឈរកំពូលតារាង និងមាន ៩ពិន្ទុពេញ ក្រោយទទួលបានជ័យជម្នះ ៣ប្រកួតផ្ទួនៗ៕

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់