ឯកឧត្តម ហ៊ុន ម៉ានី សុបិន្ដចង់ឃើញក្រុមជម្រើសជាតិ មានអ្នកខេត្តកំពង់ស្ពឺនៅថ្ងៃណាមួយ

មាស សុផាណារ៉ុង November 16, 2019


 

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ស្ពឺ បានបង្ហើបក្ដីស្រម៉ៃចង់ឃើញក្រុមបាលទាត់ជម្រើសជាតិកម្ពុជា នឹងមានអ្នកខេត្តកំពង់ស្ពឺ ចូលរួមនៅថ្ងៃណាមួយ ដើម្បីលើកមុខមាត់ប្រជាពលរដ្ឋ និងកិត្តិយសខេត្តផងដែរ។

ការលើកឡើងរបស់កូនប្រុសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជានេះ ស្របពេលលអ្នកតំណាងរាស្ដ្រវ័យក្មេងខាងលើ បានទទួលការឧបត្ថម្ភទឹកប្រាក់ចំនួន ២លានដុល្លារសហរដ្ឋអាមេរិក ពីក្រុមហ៊ុនណាហ្គាវើលដ៏ សម្រាប់ចូលរួមលើកកម្ពស់ «ការអភិវឌ្ឍយុវជន និងកីឡា ខេត្តកំពង់ស្ពឺ» កាលពីថ្ងៃទី១៥ ខែវិច្ឆិកាម្សិលមិញ នៅផ្សារទំនើបក្រោមដីណាហ្គាស៊ីធីវ៉ក។

ឯកឧត្តមបានមានប្រសាសន៍ថា ការឧបត្ថម្ភនេះ នឹងក្លាយជាផ្នែកមួយ ដើម្បីប្រែមុខមាត់ខេត្តកំពង់ស្ពឺ តាមរយៈការសាងសង់កីឡដ្ឋានស្ដង់ដារអន្ដរជាតិ គឺកីឡដ្ឋានខេត្តកំពង់ស្ពឺ ដែលគ្រោងរៀបចំពិធីក្រុងពាលីសាងសង់ផ្លូវការ នាថ្ងៃទី១៥ ខែធ្នូ ដើម្បីរួមចំណែកអភិវឌ្ឍន៍យុវជន និងលើកស្ទួយវិស័យកីឡាបាល់ទាត់ជាតិ។ ឯកឧត្តមបន្ដថា «ខ្ញុំនៅតែមានសុបិន្ដមួយ ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយ ក្រុមបាល់ទាត់ជម្រើសជាតិ នឹងមានអ្នកខេត្តកំពង់ស្ពឺ ចូលរួមលេងតំណាងប្រទេសកម្ពុជាយើង។»

ឯកឧត្តមបានគូបញ្ជាក់បន្ថែមថា «ទាំងអស់នេះ គឺជាបេសកកម្មរបស់យើងទាំងអស់គ្នា យើងមិនមែនធ្វើ ដើម្បីតែធ្វើនោះទេ យើងមិនមែនធ្វើ ដើម្បីតែរូបភាពនោះទេ តែយើងពិតជាធ្វើ ដើម្បីតបស្នងសងគុណអ្នកខេត្តកំពង់ស្ពឺទាំងអស់គ្នា។» ឯកឧត្តមសង្កត់ធ្ងន់ថា «គោលបំណងសំខាន់មួយទៀត គឺយើងធ្វើយ៉ាងណាឈប់ឲ្យគេហៅខេត្តកំពង់ស្ពឺថា “ប៉ុមប៉ឺ” ឈប់ឲ្យគេគិតថា ជាខេត្តមួយទៅផុតមកផុត គឺត្រូវផ្លាស់ប្ដូរមុខមាត់ថ្មី តាមរយៈធ្វើយ៉ាងណា មិនត្រឹមតែការវិនិយោគនោះទេ គឺត្រូវមានការចូលរួមពីយុវជនទាំងអស់គ្នា។»

គួរបញ្ជាក់ថា ចំពោះកីឡដ្ឋានកំពង់ស្ពឺ ដែលទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនណាហ្គាវើលដ៏ តាមរយៈឯកឧត្តម ហ៊ុន ម៉ានី ក្នុងការសាងសង់នាពេលឆាប់ៗខាងមុខ គឺស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ហើយក្រោយសាងសង់រួច ក្លឹបណាហ្គាវើលដ៏ នឹងយកកីឡដ្ឋាននេះធ្វើជាទឹកដី និងជាមូលដ្ឋាន សម្រាប់អភិវឌ្ឍន៍យុវជនតែម្ដង បន្ទាប់ពីមានការឯកភាពគ្នាជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ និងឯកឧត្តម ហ៊ុន ម៉ានី៕

 

រូបភាព៖ Hun Many

អត្ថបទ បុត្រា

មតិយោបល់