លោក Gyotoku Koji ក្រោយនាំក្រុមឈ្នះ U-19 ថៃ៖ «…យើងពិតជាសាកសមទទួលបានលទ្ធផលនេះ…»

មាស សុផាណារ៉ុង November 8, 2019


 

ភ្នំពេញ៖ លោក Gyotoku Koji គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ ក្រោយពីបាននាំក្រុមប្រកួតឈ្នះ ក្រុមជម្រើសជាតិថៃ អាយុក្រោម១៩ឆ្នាំ ជាលើកទី២ ក្នុងឆ្នាំ២០១៩ ដោយលទ្ធផល ២ទល់១ វគ្គជម្រុះពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ ( AFC U19 Championship 2020 Qualifiers ) បានបញ្ជាក់ថា «…យើងពិតជាសាកសមទទួលបានលទ្ធផលនេះ…»។

ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត លោក Gyotoku Koji បានលើកឡើងថា៖ «ការប្រកួតថ្ងៃនេះពិតជាការប្រកួតដ៏តានតឹងខ្លាំង ហើយកីឡាករយើងលេងបានយ៉ាងល្អ យ៉ាងអស្ចារ្យ ហើយយើងពិតជាសាកសមទទួលបានលទ្ធផលនេះ ក្រុមរបស់យើងក៏នៅមានការប្រកួតផ្សេងទៀត ហើយយើងត្រូវតែរៀបចំឲ្យបានកាន់តែល្អដើម្បីយើងចង់បន្តទៅជុំបន្ទាប់។»

និយាយពីលទ្ធផលដែលបានធ្វើល្អម្ដងហើយម្ដងទៀតជាមួយថៃ គ្រូបង្វឹកសញ្ជាតិជប៉ុនដដែលរូបនេះ បានបន្តថា៖ «ប្រហែលជាមកពីស្មារតីប្រយុទ្ធ ដើម្បីចង់ឈ្នះថៃ ប្រហែលជាដូច្នេះ។ នៅវគ្គទី២ រៀងពិបាកបន្តិចសម្រាប់យើងក្នុងការលេង នៅវគ្គទី១ យើងអាចរកគ្រាប់បាល់ ហើយវាពិតជាសំណាង គួបផ្សំនឹងកីឡាករយល់អំពីក្បួនលេងរបស់យើងផងដែរ។»

លោកបានឈ្លៀតសរសើរកីឡាករថៃទៀតផងដែរថា៖ «កីឡាករថៃ ពិតជាខ្លាំង ជាពិសេសបច្ចេកទេសផ្ទាល់ខ្លួន ខ្ញុំគិតថាវាពិតជាខុសគ្នារវាងកីឡាករថៃ និងកីឡាករយើង កីឡាករថៃល្អជាងយើងលើបច្ចេកទេសផ្ទាល់ខ្លួនម្នាក់ៗ ទាំងការទាត់ ការរក្សាបាល់ ការញាក់ រួមទាំងកាយសម្បទាគឺប្រសើរជាងយើង ប៉ុន្តែទំនុកចិត្តធ្វើឲ្យយើងមានការខិតខំប្រឹងប្រែងនៅថ្ងៃនេះ។»

សូមបញ្ជាក់ថា ជាមួយការដណ្ដើមបាន ៣ពិន្ទុពីក្រុមខ្លាំងថៃមុននេះដែរ បានធ្វើឲ្យក្រុម U-19 កម្ពុជា ឡើងមកឈរលេខ២ ក្នុងពូល G វិញ ដោយមាន ៦ពិន្ទុស្មើគ្នាជាមួយក្រុម U-19 ថៃ ខណៈក្រុម U-19 ម៉ាឡេស៊ី បានឡើងឈរកំពូលតារាង និងមាន ៩ពិន្ទុពេញ ក្រោយទទួលបានជ័យជម្នះ ៣ប្រកួតផ្ទួនៗ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់