ប្រវត្តិសាស្ដ្រ! កម្ពុជា បន្ដយកឈ្នះថៃ ២-១ ក្នុងវគ្គជម្រុះ AFC U-19 Championship 2020

មាស សុផាណារ៉ុង November 8, 2019


 

ភ្នំពេញ៖ ទីបំផុតក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា បានផ្ដល់ភាពជូរចត់ដល់ក្រុម U-19 ថៃម្ដងទៀតហើយ បន្ទាប់ពីយកឈ្នះក្នុងលទ្ធផល ២-១ នារាត្រីថ្ងៃសុក្រនេះ ក្នុងវគ្គជម្រុះពានរង្វាន់ AFC U-19 Championship 2020 ពូល G នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

ជាមួយការប្រកួតដ៏កក្រើក និងគួរឲ្យចាប់អារម្មណ៍នេះ ក្រុមគោព្រៃជំទង់កម្ពុជា ធ្វើបានយ៉ាងល្អនៅវគ្គទី១ ដោយបាននាំមុខក្រុមភ្ញៀវ ២-០ ធ្វើសម្រេចដោយកីឡាករ មិត សាម៉ើយ និងកីឡាករ សៀង ចន្ធា។ បន្ទាប់មកថៃ បានព្យាយាមវាយបកយ៉ាងខ្លាំង តែបានត្រឹមសោកស្ដាយប៉ុណ្ណោះ ក្រោយរកបាន ១គ្រាប់តាមក្រោយកម្ពុជា។

នេះគឺជ័យជម្នះក្នុងកំណត់ត្រាប្រវត្តិសាស្ដ្រថ្មីមួយទៀត ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិជប៉ុនលោក Koji Gyotoku ខណៈកាលពី ៩២ថ្ងៃមុន ក្រុមគោព្រៃជំទង់កម្ពុជា ក៏បានយកឈ្នះក្រុម U-18 ថៃ ដោយលទ្ធផល ៤-៣ ក្នុងពានរង្វាន់យុវជនជើងឯកអាស៊ីអាគ្នេយ៍ AFF U-18 Championship 2019 នៅប្រទេសវៀតណាមផងដែរ។

ជាមួយការដណ្ដើមបាន ៣ពិន្ទុពីក្រុមខ្លាំងថៃមុននេះដែរ បានធ្វើឲ្យក្រុម U-19 កម្ពុជា ឡើងមកឈរលេខ២ ក្នុងពូល G វិញ ដោយមាន ៦ពិន្ទុស្មើគ្នាជាមួយក្រុម U-19 ថៃ ខណៈក្រុម U-19 ម៉ាឡេស៊ី បានឡើងឈរកំពូលតារាង និងមាន ៩ពិន្ទុពេញ ក្រោយទទួលបានជ័យជម្នះ ៣ប្រកួតផ្ទួនៗ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់