ម៉ុន វ៉ាន់ដា ក្រោយជួយឲ្យបឹងកេត លើកពានសម្តេចតេជោ ហ៊ុន សែន ជាលើកដំបូង

មាស សុផាណារ៉ុង November 8, 2019


 

ភ្នំពេញ៖ បឹងកេត បានឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជាលើកដំបូងបន្ទាប់ពីពួកគេបានយកឈ្នះ ព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ៥ទល់៤ ដោយបាល់ ១១ម៉ែត្រកាត់សេចក្ដី នៅកីឡដ្ឋានស្មាតអរអេសអិន ( Smart RSN ) នារាត្រីថ្ងៃពុធកន្លងទៅ បន្ទាប់ពីក្រុមទាំងពីរស្មើគ្នា ១ទល់១ រហូតដល់ម៉ោងបន្ថែម។

ក្រុមរបស់ លោក ហៅ សុជាតិ រកបាន ៥គ្រាប់ ពីបាល់ប៉េណាល់ ទាំង៦ ហើយអ្នកចាំទី ហ៊ុល គឹមហ៊ុយ បានរារាំងការទាត់បាល់បញ្ជូលទីពីសំណាក់កីឡាករ សុក សំណាង និងហួយ ផល្លីន ដើម្បីជួយបឹងកេត ឈ្នះ ព្រះខ័នរាជស្វាយរៀង ៥ទល់៤។

ក្នុងការប្រកួត ព្រះខ័នរាជស្វាយរៀង បានគ្រប់គ្រងការប្រកួតនេះ ប៉ុន្តែបឹងកេត បានបំប៉ោងសំណាញ់ទី ២នាទីប៉ុណ្ណោះ ក្រោយពេលចាប់ផ្ដើមវគ្គទី២ របស់ ម៉ុន វ៉ាន់ដា ពីការបញ្ជូនបាល់យ៉ាងល្អរបស់ ជា វេសលី។ នៅនាទី៧៥ ណុប តុលា បានតាមស្មើឲ្យព្រះខ័នរាជស្វាយរៀង ពីបាល់ពិន័យ ១១ម៉ែត្រ បន្ទាប់ពីកីឡាករ សេត រ៉ស៊ីប ត្រូវបានអាជ្ញាកណ្ដាលពិន័យកាតក្រហមផ្ទាល់ ក្រោយសម្រេចឃើញថា បាល់បានប៉ះដៃសមាជិកនៃក្រុមជម្រើសជាតិកម្ពុជា រូបនេះនៅតំបន់គ្រោះថ្នាក់។

ម៉ុន វ៉ាន់ដា ដែលប្រើក្បាលតែតបញ្ជូលទីក្រុមព្រះខ័នរាជស្វាយរៀង បានសម្ដែងមោទកភាពចំពោះខ្លួនជាខ្លាំង បន្ទាប់ពីបានចារឈ្មោះរបស់ខ្លួនក្នុងប្រវត្តិរបស់បឹងកេត នៅពេលដែលរូបគេបានជួយក្លឹបនេះលើកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជាលើកដំបូង។

ម៉ុន វ៉ាន់ដា ដែលរកបាន ៤គ្រាប់ក្នុងយុទ្ធនាការពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាលនេះបានប្រាប់ camsports.org ថា៖ «វាជាការប្រកួតដ៏លំបាកមួយសម្រាប់យើង ប៉ុន្តែយើងបានប្រកួតដោយមានការប្តេជ្ញាចិត្ត និងមានតាំងចិត្តឈ្នះការប្រកួត។ យើងដឹងថាព្រះខ័នរាជស្វាយរៀងជាក្រុមដ៏អស្ចារ្យ ប៉ុន្តែយើងជឿជាក់ថាយើងអាចធ្វើបាន។»

«គ្រាប់បាល់របស់ខ្ញុំនៅវគ្គទី២ គឺជាគ្រាប់បាល់មួយដ៏អស្ចារ្យ ហើយវាមិនគួរឲ្យជឿឡើយ ព្រោះព្រះខ័នរាជស្វាយរៀង បានដាក់សម្ពាធយ៉ាងខ្លាំងមកលើយើង។ យើងមិនបានបង្កើតឱកាសច្រើនទេ ដូច្នេះនៅពេលយើងបង្កើតឱកាស ខ្ញុំបានទាញយកឱកាសនេះបានយ៉ាងល្អ។ វាជាគឺជាគ្រាប់ដ៏អស្ចារ្យ។ ខ្ញុំពិតជាមានមោទនភាពចំពោះក្រុម និងខ្លួនខ្ញុំ ព្រោះវាជាពានរង្វាន់លើកដំបូងរបស់ខ្ញុំក្នុងនាមជាកីឡាករអាជីព។ ខ្ញុំមានអារម្មណ៍អស្ចារ្យណាស់ដោយសារខ្ញុំជាផ្នែកមួយនៃក្រុមដើម្បីបង្កើតប្រវត្តិសាស្ត្រសម្រាប់ក្លឹបនេះ ពីព្រោះយើងមិនដែលឈ្នះវាពីមុនទេ។ ខ្ញុំមានជំនឿខ្លាំងលើក្រុមដែលថាយើងអាចបង្កើតប្រវត្តិសាស្រ្តបន្ទាប់ពីយើងបានយកឈ្នះ វិសាខា។ ខ្ញុំមានជំនឿចិត្តផងដែរនៅពេលដែលហ្វឹកហាត់ ធ្វើឱ្យខ្ញុំមានអារម្មណ៍ងាយស្រួល និងប្រសើរឡើង។» ម៉ុន វ៉ាន់ដា បន្ថែម។

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់