ដាវ នីម បដិសេធសំណើរក្លឹបធំៗ ព្រោះចង់នៅពង្រឹងសមត្ថភាពជាមួយ គិរីវង់

មាស សុផាណារ៉ុង November 8, 2019


 

ភ្នំពេញ៖ បន្ទាប់ពីបង្ហាញសមត្ថភាពគួរឲ្យចាប់អារម្មណ៍ ក្នុងរដូវកាលឆ្នាំ២០១៩ ជាមួយក្លឹបគិរីវង់សុខសែនជ័យ ខ្សែប្រយុទ្ធកំពុងមានប្រជាប្រិយ ដាវ នីម ត្រូវបានក្លឹបធំៗក្នុងស្រុក ២-៣ ក្លឹប តាមចែចូវរូបគេទៅរួមរស់នារដូវកាលថ្មី តែត្រូវបានកីឡាករខ្មែរកម្ពុជាក្រោមរូបនេះបដិសេធ ព្រោះចង់នៅពង្រឹងសមត្ថភាពបន្ថែម ជាមួយក្លឹបគិរីវង់សិន។

ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំរូបនេះ បានបង្ហើបថា៖ «មាន ២-៣ក្លឹបធំៗ ចង់បានខ្ញុំដែរ តែឥលូវខ្ញុំអត់ទាន់ចង់ទៅ ខ្ញុំចង់នៅជួយក្លឹបចាស់ (គិរីវង់) សិន ព្រោះក្លឹបយើងឥលូវនៅរាងស្ទើរ យើងត្រូវខំប្រឹងបន្ដទៀត។ ម្យ៉ាងដូចយើងមិនទាន់រឹងមាំ អញ្ចឹងទៅយើងមិនទាន់ហ៊ានទៅក្លឹបផ្សេង ឥលូវយើងខិតខំប្រឹងប្រែងហាត់នៅក្លឹបយើងសិន ចាំយើងគិតបន្ដទៀត។»

បន្ថែមលើនេះ ដាវ នីម បានទម្លាយនូវកត្ដាមួយចំនួន ដែលជំរុញខ្លួនឲ្យរីកចម្រើន ដូចជាការខិតខំប្រឹងប្រែងហ្វឹកហាត់ ស្ដាប់គ្រូ និងព្យាយាមជានិច្ច។ ប៉ុន្ដែយ៉ាងណា ដាវ នីម បានអះអាងថា បទពិសោធន៍ និងសមត្ថភាពប៉ុណ្ណឹង នៅមិនទាន់គ្រប់គ្រាប់សម្រាប់ការប្រកួតប្រជែងលើទីលាននោះទ ពោលគឺទាមទាឲ្យមានការខំប្រឹងបន្ថែមទៀត ដើម្បីស្វែងរកលទ្ធផលជូនក្លឹបនារដូវកាលថ្មី។

គួរបញ្ជាក់ថា កីឡាករមានស្រុកកំណើតនៅក្រុងដូនកែវ តែបានទៅរស់នៅជាមួយឪពុកលើទឹកដីកម្ពុជាក្រោមតាំងពីតូចនេះ បានចូលរួមជាមួយគិរីវង់សុខសែនជ័យ តាំងពីឆ្នាំ២០១៦ តែទើបឆ្នាំ២០១៩ នេះ ដែលរូបគេទទួលបានការគាំទ្រច្រើនពីអ្នកស្នេហាវិស័យកីឡាបាល់ទាត់ តាមរយៈការធ្វើព្យុះភ្លៀងលើទីលាន រហូតត្រូវបានគ្រូបង្វឹកក្រុមជម្រើសជាតិកោះហៅជាញឹកញាប់ទៀតផង៕

 

អត្ថបទ៖ បុត្រា

មតិយោបល់