លឹម ពិសុទ្ធ ជុំវិញការប្រកួតជាមួយ U-19 ថៃ៖ «យើងត្រូវតែយកឈ្នះ ថៃ»

មាស សុផាណារ៉ុង November 8, 2019


 

ភ្នំពេញ៖ លឹម ពិសុទ្ធ បានចាត់ទុកការប្រកួត របស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ជាមួយ ថៃ U19 គឺជាការប្រកួតដែលត្រូវតែឈ្នះ សម្រាប់ក្រុមគោព្រៃជំទង់ ក្នុងវគ្គជម្រុះពានរង្វាន់ជម្រើសជើងឯកយុវជនអាស៊ី អាយុក្រោម ១៩ឆ្នាំ ( 2020 AFC U-19 Championship qualification ) ប្រចាំពូល G ខណៈក្រុមទាំងពីរនឹងត្រូវប្រកួតនៅកីឡដ្ឋានជាតិ ល្ងាចនេះ។

ខ្សែបម្រើប្រយុទ្ធរបស់ក្លឹបភ្នំពេញក្រោនរូបនេះ ចាត់ទុកថៃ ជាក្រុមមួយក្នុងចំណោមក្រុមធំក្នុងពូល G ប៉ុន្តែក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ ត្រូវការមិនតិចជាង ៣ពិន្ទុទេ ប្រសិនបើចង់រក្សាក្តីសុបិនរបស់ខ្លួនក្នុងការប្រកួតពានរង្វាន់ AFC U19 Championship នៅឆ្នាំក្រោយ។

កីឡាករវ័យ ១៨ឆ្នាំដែលបានរួមចំណែកជួយឲ្យកម្ពុជា ឈ្នះ U-19 កោះម៉ារីណាខាងជើង លទ្ធផល ៩ទល់០ កាលពីប៉ុន្មានថ្ងៃមុន ទំនងជាអាចនឹងចាប់ផ្តើមជម្រើស ១១នាក់ដំបូង នៅល្ងាចនេះបន្ទាប់ពីបានជាពីរបួស អំឡុងជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ក្រុម U19 កម្ពុជា។

លឹម ពិសុទ្ធ បានប្រាប់ camsports.org ថា៖ «យើងទាំងអស់គ្នាដឹងថាថៃគឺជាក្រុមដែលខ្លាំង ដូច្នេះគ្មានការសង្ស័យទេថាវានឹងក្លាយជាការប្រកួតដ៏ស្វិតស្វាញមួយសម្រាប់យើង។ យើងគ្មានជំរើសទេ ដូច្នេះខ្ញុំចង់មានន័យថាយើងត្រូវតែយកឈ្នះថៃ។ យើងត្រៀមខ្លួនប្រយុទ្ធ ហើយយើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន។»

ជុំវិញរបួសកាលពីពេលប៉ះ U-19 កោះម៉ារីណាខាងជើង ពិសុទ្ធ បានបញ្ជាក់ថា៖ «ខ្ញុំមានអារម្មណ៍ថារបួសរបស់ខ្ញុំកាន់តែប្រសើរ។»

ឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងពូល G នៃក្រុមទាំង៥ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ ចាំបាច់ត្រូវយកឈ្នះក្រុមនាំមុខក្នុងពូល U-19 ថៃ ដែលទើបតែបានបំបាក់ U-19 កោះម៉ារីណាភាគខាងជើង ២១ទល់០៕

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់