៩២ថ្ងៃមុន U-19 កម្ពុជា ឈ្នះថៃ ៤-៣ ចុះប៉ះគ្នាល្ងាចនេះ?

មាស សុផាណារ៉ុង November 8, 2019


 

ភ្នំពេញ៖ ក្រុមជម្រើសជាតិ U-19 កម្ពុជា នឹងត្រូវប៉ះក្រុមដំរីសឹក U-19 ថៃ នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ ក្នុងវគ្គជម្រុះជើងឯកបាល់ទាត់យុវជនអាស៊ី AFC U-19 Championship 2020 ពូល G នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

នេះគឺជាជំនួបសម្រាប់ក្រុម U-19 ថៃ ក្នុងការចង់យកឈ្នះ U-19 កម្ពុជា ដើម្បីបង្កើនពិន្ទុអាចបានឡើងទៅជុំផ្ដាច់ព្រ័ត្រ ហើយក៏ជាជំនួបចង់យកឈ្នះត្រលប់មកវិញផងដែរ បន្ទាប់ពីពួកគេ បានចាញ់ក្រុម U-19 កម្ពុជា ៤ទល់៣ កាលពី ៩២ថ្ងៃមុន ក្នុងពានរង្វាន់យុវជនជើងឯកអាស៊ីអាគ្នេយ៍ ( AFF U-18 Championship 2019 ) នៅប្រទេសវៀតណាម ហើយអ្នកគាំទ្រកម្ពុជា និងថៃជាច្រើន ក៏បាននឹងកំពុងរង់ចាំទស្សនាការប្រកួតនេះដែរ។

ប៉ុន្ដែបើក្រឡេកមើលក្រុម U-19 ថៃ លើកនេះ បាននឹងកំពុងបង្ហាញភាពខ្លាំងជាងមុន ដែលបង្កក្ដីបារម្ភដល់គូប្រជែង រួមទាំងកម្ពុជាផងដែរ ក្រោយមានការផ្លាស់ប្ដូរសមាភាពកីឡាករមួយចំនួន តួយ៉ាងឆ្លងកាត់ ២ប្រកួតដំបូងក្នុងពូល G ថៃបានទទួលជ័យជម្នះផ្ទួនៗ ដោយមិនរបូតគ្រាប់បាល់សូម្បីតែ ១គ្រាប់ឡើយ ពោលគឺឈ្នះក្រុមប្រ៊ុយណេ ៩ទល់០ និងឈ្នះក្រុមកោះម៉ារីអាណាខាងជើង ដល់ទៅ ២១ទល់០។

ជុំវិញការប្រកួតនេះ លោក Koji Gyotoku គ្រូបង្វឹកក្រុមគោព្រៃជំទង់កម្ពុជា បានលើកឡើងថា ទោះបីការប្រកួតចុងក្រោយជាមួយថៃ ក្នុងពានរង្វាន់ AFF U-18 Championship 2019 នៅវៀតណាម កម្ពុជា បានឈ្នះថៃក៏ពិតមែន តែការប្រកួតល្ងាចនេះ លោកមិនរំពឹងខ្ពស់នោះទេ បន្ទាប់ពីលោកបានមើលឃើញការរៀបចំ និងទម្រង់លេងថៃ គឺល្អជាងកាលពីកម្ពុជា ធ្លាប់ជួបថៃ នៅវៀតណាម។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រុម U-19 ថៃ កំពុងឈរកំពូលតារាង ដោយមាន ៦ពិន្ទុស្មើក្រុមលេខ ២ ម៉ាឡេស៊ី បន្ទាប់ពីក្រុមទាំងពីរ បានទទួលជ័យជម្នះ ២ប្រកួតផ្ទួនៗ ខណៈក្រុមគោព្រៃជំទង់កម្ពុជា ទើបរកបាន ៣ពិន្ទុប៉ុណ្ណោះ។ ហេតុនេះការប្រកួតល្ងាចនេះ គឺជាជំនួបដ៏សំខាន់ ដែលក្រុមម្ចាស់ផ្ទះ រកបានឈ្នះ ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដ។ ការប្រកួតនេះ ក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ MYTV ផងដែរ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ បុត្រា

មតិយោបល់