ជម្រើសជាតិម៉ុងហ្គោលី មកដល់ភ្នំពេញ ល្ងាចនេះ ៦ថ្ងៃមុនប្រកួតមិត្តភាពជាមួយ ក្រុមគោព្រៃកម្ពុជា

មាស សុផាណារ៉ុង November 7, 2019


 

ភ្នំពេញ៖  ក្រុមបាល់ទាត់ជម្រើសជាតិម៉ុងហ្គោលី ដែលត្រូវតតាំងជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្នុងការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ នឹងធ្វើដំណើរមកកម្ពុជា នៅល្ងាចនេះ ពោលគឺ ១សប្ដាហ៍មុនតតាំងគ្នា។

តាមការឲ្យដឹងពីមន្ត្រីសារព័ត៌មាននៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា ក្រុមជម្រើសជាតិម៉ុងហ្គោលី នឹងមកដល់ទឹកដីកម្ពុជា នាវេលាម៉ោង ០៥:៤០ នាទីល្ងាច ថ្ងៃទី០៧ ខែវិច្ឆិកា នេះផ្ទាល់តែម្ដង តាមជើងហោះហើរ KA 206។

ការប្រកួតនេះផងដែរ ត្រូវបានចាត់ទុកថាជាការបង្កើតប្រវត្តិសាស្ត្រថ្មីរវាងប្រទេសទាំងពីរ លើវាលស្មៅបាល់ទាត់ ដ្បិតចាប់តាំងពីបានបង្កើតសហព័ន្ធរៀងៗខ្លនមក ( កម្ពុជា បង្កើតឆ្នាំ ១៩៣៣ ) និង ( ម៉ុងហ្គោលី​ បង្កើតឆ្នាំ ១៩៥៩ ) ក្រុមទាំងពីរមិនដែលជួបប្រកួតគ្នាទាល់តែសោះទាំងប្រកួតផ្លូវការ និងក្រៅផ្លូវការ។ ចំពោះការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នាពហុកីឡដ្ឋានជាតិ វេលាម៉ោង៦និង៣០នាទីល្ងាច ដោយស្ថានីយទូរទស្សន៍ BTV News នឹងធ្វើការផ្សាយផ្ទាល់ផងដែរ។

សូមបញ្ជាក់ថា ការប្រកួតនេះក៏ជាការត្រៀមសម្រាប់កម្ពុជា ប្រកួតនៅវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification-AFC )​ ក្នុងជំនួបទី៥ ប្រចាំពូល C ទល់នឹងហុងកុង នៅថ្ងៃទី១៩ ខែដដែល​ លើកោះហុងកុង ស្របពេលដែល ម៉ុងហ្គោលី យកការប្រកួតនេះត្រៀមប៉ះ មីយ៉ាន់ម៉ា នៅថ្ងៃជាមួយគ្នា៕

 

រូបភាព៖ MONGOLIAN FOOTBALL FEDERATION

អត្ថបទ៖ ណារ៉ុង

មតិយោបល់