អគ្គលេខាធិការបឹងកេត ចាត់ទុកការឈ្នះ Hun Sen Cup យប់មិញ ជាសំណាង

មាស សុផាណារ៉ុង November 7, 2019


 

ភ្នំពេញ៖ លោក បែ មករា អគ្គលេខាធិការក្រុមបឹងកេតអែហ្វស៊ី បានលើកឡើងថា ការឈ្នះពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup ថ្នាក់ជាតិ លើកទី១៣ នៅទឹកដីកីឡដ្ឋាន Smart RSN កាលពីយប់មិញ អាចចាត់ទុកជាសំណាង ព្រោះព្រះខ័នរាជស្វាយរៀង បានដាក់សម្ពាធលើក្រុមខ្លួនខ្លាំង តែបឹងកេត អាចទប់ទល់រហូតដល់ប៉េណាល់ទីកាត់សេចក្ដី។

ការលើកឡើងបែបនេះ ក្រោមបឹងកេត សល់គ្នា ១០នាក់ត្រឹមនាទី៧០ ដោយសារកីឡាករ សេត រ៉ូស៊ីប បានទទួលកាតក្រហម ដែលបង្កឲ្យព្រះខ័នរាជស្វាយរៀង ទទួលបាល់ពិន័យ ១១ម៉ែត្រ ដើម្បីតាមស្មើ ១-១ បន្ទាប់ពីកីឡាករ ម៉ុន វ៉ាន់ដា រកបានគ្រាប់បាល់នាំមុខ ១គ្រាប់ឲ្យបឹងកេត នៅនាទី៤៨។ លទ្ធផលស្មើគ្នានេះ បានរក្សារហូតចប់ម៉ោងបន្ថែម ១៥នាទី ២ដង មុនឈានដល់ការទាត់ប៉េណាល់ទីកាត់សេចក្ដី បឹងកេត បានយកឈ្នះព្រះខ័នរាជស្វាយរៀង ៥-៤។

បន្ទាប់ពីចប់ការប្រកួតលោក បែ មករា បានថ្លែងទាំងសេចក្ដីត្រេកអរថា៖ «ព្រះខ័នរាជស្វាយរៀង ក្រោយពួកយើងទទួលបានការពិន័យកាតក្រហម គាត់មានឱកាសច្រើនជាងយើង គ្របដណ្ដប់លើការប្រកួត តែយើងអាចថា យើងមានសំណាងដែរ យើងអាចវាយបកម្ដងៗ យើងមានឱកាសដែរ តែទៅបុករបាទី និងសង្គ្រោះបានដោយអ្នកចាំទី។ ជាទូទៅ ក្រោយការពិន័យកាតក្រហម ស្វាយរៀង គាត់ក្របដណ្ដើមលើយើងខ្លាំង ទម្រាំឈានដល់ការទាត់ប៉េណាល់កាត់សេចក្ដី។»

ទន្ទឹមជាមួយការសម្រេចបំណងលើកពាន Hun Sen Cup លើកដំបូង ក្នុងប្រវត្តិចូលរួម ៨លើកនេះដែរ លោក បែ មករា បានចាត់ទុកនេះគឺជាសមិទ្ធផលដ៏អស្ចារ្យ និងគួរឲ្យមានមោទនភាពបំផុត ហើយលោកប្ដេជ្ញានឹងខិតខំប្រឹងប្រែង ដើម្បីការពារពាននេះឲ្យបាន នារដូវកាលថ្មី ឆ្នាំ២០២០។ តែស្របពេលជាមួយភាពសប្បាយរីករាយក្នុងការលើកពានប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនេះ លោកក៏បានសុំទោសអ្នកគាំទ្រ ចំពោះការធ្វើមិនបានល្អក្នុងក្របខណ្ឌលីគកំពូលកម្ពុជាផងដែរ។

គួរបញ្ជាក់ថា សម្រាប់ការលើកពាន Hun Sen Cup ឆ្នាំ២០១៩ បឹងកេត បានទទួលពាន មេដាយមាស អមដោយប្រាក់រង្វាន់ ៨០លានរៀល ខណៈក្រុមជើងឯករង ព្រះខ័នរាជស្វាយរៀង បានទទួលមេដាយប្រាក់ អមដោយប្រាក់រង្វាន់ ៤០លានរៀល ហើយចំណាត់ថ្នាក់លេខ ៣ ស្ទួន មានក្រុមភ្នំពេញក្រោន និងវិសាខា ក៏ទទួលបានប្រាក់រង្វាន់ ១០លានរៀលស្មើៗគ្នាផងដែរ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់