Keisuke Honda ចូលរួមជាមួយក្លឹបថ្មីក្នុងគោលបំណងចង់លេងកីឡាអូឡាំពិក ឆ្នាំ២០២០ លើទឹកដីប្រទេសកំណើតខ្លួន

មាស សុផាណារ៉ុង November 7, 2019


 

ហូឡង់៖ អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Keisuke Honda បានចូលរួមជាមួយក្លឹប Vitesse នៃលីគកំពូលហូឡង់ ជាមួយកិច្ចសន្យាដល់ រដូវកាល២០១៩-២០២០។

កីឡាករវ័យ ៣៣ឆ្នាំ បានបង្ហើបពីគោលបំណងដែលចូលរួមជាមួយក្លឹបនៃលីគកំពូលហូឡង់ Vitesse គឺដោយសាររូបលោកផ្ទាល់ចង់ចូលរួមការប្រកួតក្នុង ព្រឹត្តិការណ៍កីឡាអូឡាំពិក ( Tokyo 2020 Olympics ) ឆ្នាំ២០២០ ដែលជប៉ុនផ្ទាល់ធ្វើជាម្ចាស់ផ្ទះ តម្រូវឲ្យរូបលោកត្រូវតែមានក្លឹបប្រកបអាជីពជាមួយដើម្បីរក្សាទម្រង់លេងរបស់ខ្លួន តាមរយៈការមាននាទីប្រកួត។ «ដូចដែលអ្នកបានដឹង ខ្ញុំចង់ចូលរួមប្រកូតនៅកីឡាអូឡាំពិក ឆ្នាំ២០២០ នៅជប៉ុន ដូច្នេះខ្ញុំត្រូវតែលេងនៅលីគដែលខ្លាំង ដើម្បីមានការរៀបចំល្អសម្រាប់អូឡាំពិក ឆ្នាំក្រោយ នេះគឺទស្សនៈវិស័យរបស់ខ្ញុំ។» សម្ដីរបស់ លោក Keisuke Honda។

អ្នកចាត់ការទូទៅរបស់ជម្រើសជាតិកម្ពុជា ដដែលរូបនេះបានបន្តទៀតថា លោកដឹងពីរបៀបដែលនាំឲ្យរូបលោកត្រូវបានកោះហៅចូលក្រុមជម្រើសជាតិជប៉ុន អាយុក្រោម ២៣ឆ្នាំ នាមជាកីឡាករបទពិសោធន៍។

និយាយអំពីការចូលរួមជាមួយ Vitesse វិញ Keisuke Honda បានបញ្ជាក់ថា៖​ «វារៀងយូរណាស់ទៅហើយចាប់តាំងពីខ្ញុំលេងបាល់ទាត់នៅប្រទេសហូឡង់។ ខ្ញុំសង្ឃឹមថាអ្នកគាំទ្របាល់ទាត់នៅហូឡង់នៅតែចាំខ្ញុំ។ ទោះយ៉ាងណាខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីធ្វើឲ្យបានល្អនៅលើទីលាន។ ខ្ញុំចង់ក្លាយជាផ្នែកមួយសម្រាប់ក្រុមនេះ និងទន្ទឹងរង់ចាំក្នុងការដើរជាន់កីឡដ្ឋាន ក៏ដូចជាជួបអ្នកគាំទ្រ។ វាក៏ជាផ្សេងដ៏ល្អមួយផងដែរ បន្ទាប់ពី VVV-Venlo ខ្ញុំអាចពាក់អាវពណ៌លឿងខ្មៅ ជាថ្មីម្តងទៀត។»

សូមបញ្ជាក់ថា Keisuke Honda ធ្លាប់លេងឱ្យ VVV-Venlo នៅលីគកំពូលហូឡង់ ( Eredivisie ) ម្ដងផងដែរកាលពីចន្លោះខែមករា ឆ្នាំ២០០៨ ដល់២០១០។

ចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិក ( Tokyo 2020 Olympics ) ឆ្នាំ២០២០ ដែលជប៉ុនផ្ទាល់ធ្វើជាម្ចាស់ផ្ទះវិញ គឺគ្រោងនឹងធ្វើឡើងនៅចុងខែកក្កដា ដល់ដើមខែសីហា ឆ្នាំ២០២០ ដោយមាន ៣៣ប្រភេទកីឡាត្រូវបានដាក់ឲ្យប្រកួត ក្នុងនោះក៏មានប្រភេទកីឡាបាល់ទាត់ ( វិញ្ញាសាបុរស ) ផងដែរ ដែលប្រើប្រាស់អាយុក្រោម ២៣ឆ្នាំ ប៉ុន្តែអនុញ្ញាតិឲ្យមានកីឡាករលើសអាយុ ២៣ឆ្នាំ ចំនួន ៣នាក់នៅក្នុងក្រុម ដែលកត្តានេះហើយទើបធ្វើឲ្យអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា វ័យ៣៣ឆ្នាំរូបនេះ ចង់ចូលរួមក្នុងឱកាសចុងក្រោយ ដ្បិតបានប្រកាសចូលនិវត្តន៍ពីជម្រើសជាតិជប៉ុន ឈុតធំទៅហើយក្ដី៕

 

រូបភាព៖ Vitesse

អត្ថបទ៖ ណារ៉ុង

មតិយោបល់