សម្ដេចតេជោ ហ៊ុន សែន៖ អាស៊ាន ទទួលបានភ្លើងខៀវរួមគ្នាធ្វើម្ចាស់ផ្ទះ World Cup

នូ មករា November 6, 2019


 

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា អាស៊ានបានឈានដល់ចំណុចរួចមួយ ក្នុងការទទួលធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ហើយ បន្ទាប់ពីមានការចុះហត្ថលេខារវាងអាស៊ានជាមួយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) នៅទីក្រុងបាងកកកាលពីថ្មីៗ។

ការអះអាងបែបនេះ ស្របពេលសម្ដេចតេជោនាយករដ្ឋមន្ដ្រី បានចូលរួមជាអធិបតីភាពក្នុងពិធីបើកសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១២ ដែលប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារមួយ នាខេត្តសៀមរាប។

សម្ដេចបានមានប្រសាសន៍ថា៖ «ឥលូវនេះ អាស៊ានមានចំណុចរួមមួយ នៅត្រង់ថា អាស៊ាននឹងរួមគ្នាធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតបាល់ទាត់ពិភពលោក ។ នេះជាអត្ដសញ្ញាណរបស់អាស៊ាន ដែលទើបនឹងចុះហត្ថលេខារវាងអាស៊ាន ជាមួយ FIFA កាលពីប៉ុន្មានថ្ងៃមុន នៅទីក្រុងបាងកក ដែលអាចទុកថា ពេលនោះ ប្រទេសទាំងអស់នៅក្នុងអាស៊ាននឹងក្លាយទៅជាកន្លែងតែមួយសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក» ។

លើសពីនេះ សម្ដេចបានគូសបញ្ជាក់បន្ថែមថា៖ «អាស៊ានអាចបង្កើតជាក្រុមបាល់ទាត់មួយទៅប្រកួតជាមួយប្រទេសដទៃកម្ពុជាអាចមានម្នាក់ ថៃអាចមាន ២នាក់ វៀតណាមអាចមាន ២នាក់ និងប្រទេសផ្សេងៗចូលរួម ត្រង់ឈ្នះ ត្រង់ចាញ់ មិនដឹងទេ ប៉ុន្ដែអត្តសញ្ញាណសំខាន់របស់អាស៊ាន ហើយត្រង់ហ្នឹងហើយ ដែលខ្ញុំធ្លាប់និយាយថា ចំណុចរួមអាស៊ាន ដែលអាចធ្វើទៅរួចមុនគេគឺបង្កើតក្រុមបាល់ទាត់អាស៊ានតែម្ដង» ។

គួរបញ្ជាក់ថា មុនសម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ខាងលើ កាលពីថ្ងៃទី២-វិច្ឆិកាកន្លងទៅ លោក Gianni Infantino បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយសមាគមអាស៊ាន ដើម្បីចូលរួមការអភិវឌ្ឍសង្គម នៅក្នុងតំបន់នេះ ដែលធ្វើឡើងក្នុងកិច្ចប្រជុំអាស៊ាន លើកទី៣៥ នៅទីក្រុងបាងកក ប្រទេសថៃ។ តែនាពេលកន្លងមក ក៏មានបណ្ដាលអាស៊ានមួយចំនួន បានរួមមតិគ្នា ក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០៣៤ ផងដែរ ៕

 

ប្រភពរូបភាព៖ Samdech Hun Sen, Cambodian Prime Minister

អត្ថបទ៖ បុត្រា

មតិយោបល់