ពានរង្វាន់ក្លឹបបាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ គ្រោងបង្កើតនៅឆ្នាំក្រោយជាមួយក្រុម ១២ចូលរួមប្រកួត

មាស សុផាណារ៉ុង November 6, 2019


 

បាងកក៖ ប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ( AFC ) លោក Shaikh Salman bin Ebrahim Al Khalifa និងប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក ( FIFA ) លោក Gianni Infantino បានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ព្រឹត្តិការណ៍ជើងឯកក្លឹបបាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ [ Asean Club Championship (ACC) ] ដែលនឹងចាប់ផ្តើមនៅឆ្នាំក្រោយ។

ព្រឹត្តិការណ៍ជើងឯកក្លឹបបាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ គឺជាការប្រកួតប្រជែងដែលមានក្លឹបចំនួន ១២ដែលជាសមាជិកសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF)។ 

AFF បង្កើតឡើងដើម្បីគាំទ្រ និងលើកទឹកចិត្តដល់ក្លិបឈានមុខគេ ហើយ AFF ជឿជាក់ថាព្រឹត្តិការណ៍ ACC នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍន៍បាល់ទាត់ក្នុងតំបន់ សម្រាប់ការប្រកួតអាជីពកម្រិតកំពូល។

ឧត្តមសេនីយ៍ឯក ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ ( AFF ) បានមានប្រសាសន៍ថា៖ «យើងបានចែករំលែកផែនការរបស់យើងសម្រាប់ជើងឯកក្លឹបអាស៊ីអាគ្នេយ៍ ជាមួយលោកប្រធាន Infantino និងលោក Shaikh Salman ហើយពួកគេទាំងពីរនាក់គាំទ្រ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រពេញទំហឹងពី FIFA និង AFC។»

«យើងបានចំណាយពេលវេលាដើម្បីដាក់ផែនការរួមបញ្ចូលគ្នា និងរួមនេះ​ ​​​ព្រោះមានកត្តាជាច្រើនដែលត្រូវពិចារណា រួមទាំងធានាថាមិនមានការប៉ះពាល់ណាជាមួយកាលវិភាគទាំងលីគក្នុងស្រុក ការប្រកួតរបស់ FIFA និងការប្រកួតរបស់ AFC រួមទាំង AFC Champions League ផងដែរ។» ឯកឧត្តម ខៀវ សាម៉េត បន្ថែម។

យ៉ាងណាសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ AFF បានបញ្ជាក់ព័ត៌មានលម្អិតបន្ថែមទៀត នៃការប្រកួតនឹងត្រូវបានបង្ហាញនៅថ្ងៃអនាគត។

គួររំលឹកផងដែរថា កន្លងមក AFF ធ្លាប់បានរៀបចំការប្រកួតជើងឯកក្លឹបបាល់ទាត់អាស៊ាន​​​ ប្រចាំឆ្នាំម្តង ក្នុងឆ្នាំ២០០៣ និង២០០៥ ដែលមានក្លឹបជើងឯកមកពីប្រទេសសមាជិកអាស៊ាន។ ទោះយ៉ាងណាការប្រកួតប្រជែងត្រូវបានបញ្ឈប់ជាបន្តបន្ទាប់ និងមានបំណងបង្កើតនាប៉ុន្មានឆ្នាំចុងក្រោយនេះ តែពុំអាចលេចឡើងឡើយដោយសារបញ្ហាកម្រិតបាល់ទាត់ខុសគ្នាឆ្ងាយរវាងប្រទេសសមាជិក៕

 

ប្រភព៖ aseanfootball.org

អត្ថបទ៖ ណារ៉ុង

មតិយោបល់