ព្រះខ័នរាជស្វាយរៀង អាចតាមទាន់កំណត់ត្រាឈ្នះពានពីរក្នុងរដូវកាលតែមួយរបស់ ភ្នំពេញក្រោន ទេពេលប៉ះបឹងកេតល្ងាចនេះ?

មាស សុផាណារ៉ុង November 6, 2019


 

ភ្នំពេញ៖ ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមបឹងកេត ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup ថ្នាក់ជាតិ លើកទី១៣ នាវេលាម៉ោង ៦ល្ងាចនេះ នៅកីឡដ្ឋាន Smart RSN។ ចាំមើលក្រុមលោក Conor Nestor អាចសម្រេចបំណងលើកពាន ដើម្បីតាមស្មើកំណត់ត្រាក្រុមភ្នំពេញក្រោនបានឬទេ?

រយៈពេល ១៣ឆ្នាំចុងក្រោយនេះ ទាំងលីគកំពូលកម្ពុជា និងពានរង្វាន់ Hun Sen Cup មានក្លឹបតែមួយគត់ ដែលលើកពានម្ដង ២ ក្នុងឆ្នាំតែមួយគត់ គឺក្លឹបភ្នំពេញក្រោន ដែលសម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ដ្រនេះ កាលពីឆ្នាំ២០០៨។ ឯក្លឹបព្រះខ័នរាជស្វាយរៀង បច្ចុប្បន្នពួកគេមានពានលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ក្នុងដៃមួយហើយ នៅឡើយពាន Hun Sen Cup ដែលត្រូវប្រជែងជាមួយបឹងកេតល្ងាចនេះ។

វគ្គផ្ដាច់ព្រ័ត្រកាលពីឆ្នាំ២០០៨ ភ្នំពេញអ៊ីមផាយអឺរ ជាមួយ ព្រះខ័នរាជ

ចំពោះការប្រកួតដ៏សំខាន់ល្ងាចនេះ លោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានដាក់ការជឿជាក់លើកូនក្រុម ដោយរំពឹងខ្ពស់ថា ពួកគេអាចធ្វើបាន ដើម្បីបង្កើតកំណត់ត្រាថ្មី ក្នុងការលើកពានទាំង ២ ក្នុងឆ្នាំ២០១៩ នេះ។ លោកសង្កត់ធ្ងន់ថា គ្មានឡើយពាក្យថា ព្រួយបារម្ភសម្រាប់ក្រុមខ្លួន គឺមានតែភាពជឿជាក់ និងទំនុកចិត្ត ទោះបីលោកទទួលស្គាល់បឹងកេត គឺជាក្រុមខ្លាំង និងសម្បូរដោយកីឡាករល្អៗក៏ដោយ។

សម្រាប់ការប្រកួតពានរង្វាន់ប្រើប្រាស់តែធនធានកីឡាករក្នុងស្រុកនេះដែរ ព្រះខ័នរាជស្វាយរៀង និងបឹងកេត ធ្លាប់ជួបគ្នា ២លើកមកហើយ ដោយលទ្ធផលឈ្នះ-ចាញ់គ្នាម្ដងម្នាក់ ពោលគឺឈ្នះ២០១៤ ក្រុមព្រះខ័នរាជស្វាយរៀង បានទទួលជ័យជម្នះ ៥-១ តែដល់ឆ្នាំ២០១៦ ក្រុមបឹងកេត បានយកឈ្នះវិញ ២-១ ក្នុងជំនួបវគ្គ ៨ក្រុមចុងក្រោយដូចគ្នា។

ដូច្នេះចាំមើលល្ងាចនេះ តើព្រះខ័នរាជស្វាយរៀង ឬបឹងកេត នឹងទទួលបានជ័យជម្នះ ដើម្បីក្លាយជាម្ចាស់ពានប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជានេះ?

 

រូបភាព៖ Metfone Cambodian League

អត្ថបទ៖ បុត្រា

មតិយោបល់