ហៅ សុជាតិ ជុំវិញ ចាន់ វឌ្ឍនាកា វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Hun Sen Cup និងការបង្កើតប្រវត្តិសាស្ត្រ

មាស សុផាណារ៉ុង November 6, 2019


 

ភ្នំពេញ៖ លោក ហៅ សុជាតិ បានបញ្ជាក់ថា ចាន់ វឌ្ឍនាកា ស្ថិតក្នុងមន្ទិលសង្ស័យមុនការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ទល់នឹងព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានស្មាតអរអេសអិន (Smart RSN)។ គ្រូបង្វឹកបឹងកេត មិនប្រាកដថាខ្សែប្រយុទ្ធរូបនេះជាទាន់ពេលវេលា ដើម្បីប្រឈមមុខជាមួយក្រុមមកពីខេត្តស្វាយរៀង ដែលទើបតែបានឈ្នះពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលនេះទេ។

ក្រុមរបស់លោក Conor Nestor ធ្លាប់បានឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ចំនួន ៤ដងក្នុងប្រវត្តិសាស្ត្រក្លឹប ខណៈបឹងកេត នឹងប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់ដដែលនេះជាលើកដំបូងរបស់ពួកគេនៅថ្ងៃពុធនេះ។

ទោះយ៉ាងណា លោក ហៅ សុជាតិ មិនមានការព្រួយបារម្ភច្រើនចំពោះបទពិសោធន៍ដ៏ធំធេងរបស់ព្រះខ័នរាជស្វាយរៀង ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន នោះទេដោយលោកបញ្ជាក់ថា ក្រុមរបស់លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើតប្រវត្តិសាស្ត្រដោយការឈ្នះពានរង្វាន់សម្តេច ហ៊ុន សែន ជាលើកដំបូង។

បឹងកេត ធ្លាប់ឈ្នះពានរង្វាន់លីគកំពូលកម្ពុជា ៣ដងរួចមកហើយ ប៉ុន្តែពួកគេមិនទាន់លើកពានសម្តេច ហ៊ុន សែន នៅឡើយទេ ដូច្នេះវាមានន័យច្រើនចំពោះពួកគេក្នុងការឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាលនេះ។

លោក ហៅ សុជាតិ បានប្រាប់ camsports.org ថា៖ «យើងមានបញ្ហាមួយចំនួនក្នុងអំឡុងការរៀបចំត្រៀមប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។ យើងមានការព្រួយបារម្ភអំពីបញ្ហារបួសខ្លះ ហើយ ចាន់ វឌ្ឍនាកា គឺស្ថិតក្នុងមន្ទិលសង្ស័យសម្រាប់ការប្រកួតថ្ងៃស្អែក ( ថ្ងៃនេះ )។ យើងត្រូវវាយតម្លៃបញ្ហារបួសរបស់គេ។»

«ព្រះខ័នរាជស្វាយរៀង មានបទពិសោធន៍ច្រើនក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន ប៉ុន្តែវាមិនមែនជាក្តីបារម្ភធំរបស់យើងទេ។ ប្រសិនបើយើងខំប្រឹងអស់ពីសមត្ថភាពយើងអាចឈ្នះព្រោះថាពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ពិតជាសំខាន់ណាស់សម្រាប់ពួកយើង ព្រោះយើងបានបាត់បង់តំណែងជើងឯក [រដូវកាលនេះ] ។ សំខាន់ជាងនេះទៅទៀត យើងចង់បង្កើតប្រវត្តិសាស្ត្រសម្រាប់ក្លឹបរបស់យើង ពីព្រោះយើងមិនដែលឈ្នះពានរង្វាន់សម្តេច ហ៊ុន សែន ពីមុនទេ។ យើងចង់ឈ្នះវាសម្រាប់អ្នកគាំទ្រយើងផងដែរ។» លោក ហៅ សុជាតិ បន្ថែម។

សូមបញ្ជាក់ជាថ្មីថា ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួប្រកួតជាមួយ បឹងកេត នៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ នាកីឡដ្ឋានស្មាតអរអេសអិន ( Smart RSN ) ខណៈការប្រកួតនឹងមានផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ ​BTV News ផងដែរ៕

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់