លោក Conor Nestor ជុំវិញការប្រកួតផ្ដាច់ព្រ័ត្រទល់នឹង បឹងកេត ពានសម្តេចតេជោ ហ៊ុន សែន

មាស សុផាណារ៉ុង November 6, 2019


 

ភ្នំពេញ៖ លោក Conor Nestor គ្រូបង្វឹកនៃក្លឹបព្រះខ័នរាជស្វាយរៀង បានអះអាងថាកីឡាកររបស់លោកត្រៀមខ្លួនធ្វើអ្វីៗគ្រប់យ៉ាងដែលពួកគេអាចធ្វើបានដើម្បីបញ្ចប់រដូវកាលក្នុងកម្រិតមួយដ៏ខ្ពស់ ខណៈដែលត្រូវប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃពុធ ទី០៦ វិច្ឆិកា នេះ បន្ទាប់ពីលើកពានលីគកំពូលកម្ពុជា រដូវកាលនេះរួចមក។

ព្រះខ័នរាជស្វាយរៀង ត្រូវជួប បឹងកេត ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នៅកីឡដ្ឋាន Smart RSN ដែលជាទឹកដីរបស់ភ្នំពេញក្រោន នៅថ្ងៃពុធនេះ ខណៈដែលក្រុមនេះកំពុងតែសន្សំចិត្តចង់ឈ្នះពានពីរ នៅរដូវកាលនេះ។

ក្តីសង្ឃឹមរបស់ ព្រះខ័នរាជស្វាយរៀង ដែលចង់ធ្វើបាននូវកំណត់ត្រាប្រកួតមិនដែលចាញ់ក្នុងរដូវកាលនេះ ត្រូវបានបញ្ចប់ដោយ ណាហ្គាវើលដ៍ ដែលបានធ្វើឲ្យក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀង មួយនេះស្គាល់នូវបរាជ័យតែម្ដងគត់ នៃរដូវកាលនេះ ក្នុងការប្រកួតលីគសប្ដាហ៍ចុងក្រោយ ប៉ុន្តែ Conor Nestor ជម្រុញឱ្យក្រុមរបស់លោក ប្រើការបរាជ័យដ៏ខកចិត្តកាលពីសប្តាហ៍មុនក្នុងលទ្ធផល ២ទល់១ ជាការលើកទឹកចិត្តនៅពេលដែលពួកគេប្រកួតជាមួយបឹងកេត នៅការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។

លោក Conor Nestor បានប្រាប់ camsports.org ថា៖ «យើងបានត្រៀមខ្លួនយ៉ាងល្អសម្រាប់ការប្រកួតនេះ ប៉ុន្តែយើងពិតជាមានការព្រួយបារម្ភពីបញ្ហារបួស បន្ទាប់ពីការប្រកួតរបស់យើង ទល់នឹងណាហ្គាវើលដ៍ កាលពីថ្ងៃសុក្រ។»

និយាយជុំវិញបទពិសោធន៍ជាមួយពាននេះ លោក Conor បន្តថា៖ «បទពិសោធន៍ មិនអាចត្រូវបានចាត់ទុកថាជាភាពអវិជ្ជមាននោះទេ។ ការពិតដែលថាកីឡាកររបស់យើងជាច្រើននាក់បានឈ្នះពានរង្វាន់ក្រោមការដឹកនាំដ៏ល្អរបស់ លោក សំ វ៉ាន់ដេត វាគឺជាគុណសម្បត្តិមួយ។ ទោះយ៉ាងណាក៏ដោយវាជាការប្រកួតចាញ់ធ្លាក់ ហើយអ្វីៗអាចនឹងកើតឡើងនៅថ្ងៃនោះ។»

«យើងពិតជាមិនគិតពីការឈ្នះពាននោះទេ ពីព្រោះយើងនៅតែឈឺចាប់តិចតួចពីការបរាជ័យលើកដំបូងរបស់យើង នៅរដូវកាលនេះ កាលពីថ្ងៃសុក្រ។ ខ្ញុំសង្ឃឹមថាការឈឺចាប់នៃការបរាជ័យនោះនឹងជំរុញឲ្យយើងស្វែងរកថាមពលបន្ថែម ដើម្បីនាំយកពានរង្វាន់មួយផ្សេងទៀតត្រលប់មកផ្ទះវិញ។ កីឡាករទាំងនេះតែងតែត្រៀមខ្លួនរួចស្រេចជានិច្ច។ ខ្ញុំមិនអាចច្រានចោលការខិតខំប្រឹងប្រែង កីឡាកររបស់យើងទាំង ២៧នាក់ ពីថ្ងៃដំបូងនៃរដូវកាលមុន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ វាជារដូវកាលដ៏លំបាកមួយ ប៉ុន្តែនៅថ្ងៃពុធ ខ្ញុំដឹងថាកីឡាកររបស់យើងនឹងផ្តល់អ្វីៗគ្រប់យ៉ាងដើម្បីបញ្ចប់រដូវកាលនេះជាមួយនឹងភាពដ៏គួរឲ្យទាក់ទាញ។» លោក Conor Noetor បានបន្ថែម។

សូមបញ្ជាក់ជាថ្មីថា ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួប្រកួតជាមួយ បឹងកេត នៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ នាកីឡដ្ឋានស្មាតអរអេសអិន ( Smart RSN ) ខណៈការប្រកួតនឹងមានផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ ​BTV News ផងដែរ៕

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់