គួច សុកមុ្ភៈ និង អ៊ុំ វិចិត្រ ឡើងជាគ្រូជំនួយ U-22 កម្ពុជា ត្រៀមចេញទៅស៊ីហ្គេម នៅហ្វីលីពីន

មាស សុផាណារ៉ុង November 5, 2019


 

ភ្នំពេញ៖ កីឡាករជើងចាស់ គួច សុកុម្ភៈ និងអ្នកចាំទី អ៊ុំ វិចិត្រ ត្រូវបានតម្លើងឲ្យក្លាយទៅជាគ្រូជំនួយនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ដែលត្រូវត្រៀមចេញទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( ស៊ីហ្គេម – SEA Games ) លើកទី៣០ នៅប្រទេសហ្វីលីពីន នាចុងខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។

យោងតាមបញ្ជីដែលចេញដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញភ្ជាប់ជាមួយឈ្មោះសមាសភាពគ្រូបង្វឹក និងកីឡាករ ឈុតដែលត្រូវទៅចូលរួមស៊ីហ្គេម ក្នុងនោះ លោក Felix G.Dalmas នៅតែបន្តដឹកនាំក្នុងនាមជាគ្រូបង្គោល ជាមួយនឹង លោក ភា សុភ័ក្ត្រា ជាគ្រូជំនួយអមដោយ កីឡាករ គួច សុកុម្ភៈ និងកីឡាករ អ៊ុំ វិចិត្រ ជាគ្រូអ្នកចាំទី។

ដោយឡែកជាមួយគ្នាផងដែរ បញ្ជីឈ្មោះកីឡាករអាយុក្រោម ២២ឆ្នាំកម្ពុជា ចំនួន ១២នាក់ក៏ត្រូវបានកោះហៅត្រៀមប្រមូលផ្ដុំហ្វឹកហាត់ផងដែរ សម្រាប់ដំណាក់កាលទី១ រួមមានដូចជា ទៀត គីមហេង, ស៊ិន សុផាណាត់, សាន គឹមហេង, អ៊ិន សូដាវីដ និងអ៊ុក សុវណ្ណ ( របស់ក្លឹបវិសាខា ) សឿត បារាំង, ម៉ៅ ពិសិដ្ឋ, សាវែង សំណាង និងប្រាក់ ធីវ៉ា ( ភ្នំពេញក្រោន ) ឈង់ ប៊ុនណាត ( អង្គរថាយហ្គឺរ ) ណារ៉ុង កក្កដា ( ក្រសួងការពារជាតិ ) និងចុងក្រោយកីឡាករ ឃៀង ម៉េងហួរ ( ព្រះខ័នរាជស្វាយរៀង )។

សមាសភាពកីឡាករទាំង ១២រូបនេះ នឹងត្រូវបូកបន្ថែមជាមួយកីឡាករមួយចំនួនទៀត ដែលកំពុងនៅជាមួយក្រុមជម្រើសជាតិឈុតធំ កំពុងបំពេញភារៈកិច្ចប្រកួតមិត្តភាពអន្តរជាតិជាមួយ ម៉ុងហ្គោលី ក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) ក្នុងជំនួបទី៥ ទល់នឹងហុងកុង នៅក្រោយបញ្ចប់ការប្រកួតការប្រកួតនឹងចាប់ផ្ដើមប្រមូលផ្ដុំរួមគ្នា ប៉ុន្តែប្រែប្រួលបែបណានោះ មិនត្រូវបានបង្ហញឲ្យដឹងឡើយ។

គួររំលឹកផងដែរថា យោងតាមលទ្ធផលនៃការចាប់ឆ្នោត ដែលធ្វើឡើងនាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នេះបានបង្ហាញថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ នឹងស្ថិតនៅពូល A ជាមួយប្រទេសខ្លាំងៗចំនួន ៤ ដែលមានដូចជាម្ចាស់ផ្ទះហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា និងទីម័រខាងកើត។ ដោយឡែកពូល B វិញរួមមានថៃ, ឥណ្ឌូនេស៊ី, វៀតណាម, ឡាវ, សិង្ហបុរី និងព្រុយណេ។

ការប្រកួតលើកទី៣០ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ នៅប្រទេសហ្វីលីពីន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ជាមួយនឹង៥២៣ វិញ្ញាសាប្រកួត លើប្រភេទកីឡាចំនួន ៥៦ ប៉ុន្តែសម្រាប់ប្រភេទកីឡាបាល់ទាត់ គឺចាប់ផ្ដើមមុនពិធីបើកផ្លូវការមកដល់ ពៅលពីថ្ងៃទី២៥ ខែវិច្ឆិកា ហើយនឹងបញ្ចប់នៅថ្ងៃទី១០ ខែធ្នូ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់