ជម្រើសជាតិកម្ពុជា ចាប់ប្រមូលផ្ដុំហ្វឹកហាត់នៅថ្ងៃនេះ ដោយអវត្តមានកីឡាករ ៨នាក់

មាស សុផាណារ៉ុង November 5, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលត្រូវប្រកួតជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) ក្នុងជំនួបទី៥ ទល់នឹងហុងកុង ក៏ដូចជាការប្រកួតមិត្តភាពកម្ដៅសាច់ដុំ ជាមួយ ម៉ុងហ្គោលី គ្រោងនឹងចាប់ផ្ដើមធ្វើការហ្វឹកហាត់នៅថ្ងៃទី០៥ ខែវិច្ឆិកា នេះ។

ការប្រមូលផ្ដុំហ្វឹកហាត់នេះផងដែរ គឺពុំមានសមាសភាពកីឡាករពីក្លឹបចំនួន ២ឡើយគឺ កីឡាករពីក្លឹបបឹងកេត និងក្លឹបព្រះខ័នរាជស្វាយរៀង ឡើយដោយសារកីឡាករមួយចំនួននៃក្លឹបទាំង ២នេះ គឺត្រូវប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃជាមួយគ្នានោះផងដែរ។

កីឡាករដែលនឹងអវត្តមាននៅថ្ងៃប្រមូលផ្ដុំដំបូងរួមមាន សឿយ វិសាល, ប្រាក់ មុន្នីឧត្តម និងសារ៉េត គ្រីយ៉ា ( របស់ព្រះខ័នរាជស្វាយរៀង ) ខណៈកីឡាកររបស់បឹងកេត ៤រូបរួមមាន ហ៊ុល គឹមហ៊ុយ, សេត រ៉ស៊ីប, ទេស សម្បត្តិ និង លី វ៉ាហេទ។ ជាមួយគ្នាផងដែរ សៀង ចន្ធា ដែលកំពុងមានភារៈកិច្ចជាមួយក្រុមជម្រើសជាតិកម្ពុជា​អាយុក្រោម ១៩ឆ្នាំ ប្រកួតជម្រុះពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ ក៏ពុំទាន់ចូលរួមជាមួយឈុតធំដូចគ្នា នេះបើយោងតាមប្រភពជិតស្និទបង្ហើបឲ្យដឹង។

សូមបញ្ជាក់ថា កីឡាករចំនួន ២៣រូប ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ ដែលរួមមានមកពីក្លឹបបាល់ទាត់នៅលីគកំពូលកម្ពុជា ដូចជាក្រសួងការពារជាតិ, ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, បឹងកេត, ណាហ្គាវើលដ៍, វិសាខា, យុវជនពីសាលាបាល់ទាត់ជាបាទី និងក្លឹប Terengganu FC របស់ម៉ាឡេស៊ី ហើយសមាសភាពកីឡាករចំនួន ២៣រូបនេះ នឹងត្រូវដឹកនាំហ្វឹកហាត់ដោយ លោក Felix G.Dalmas រហូតដល់មុនប្រកួតជាមួយ ជម្រើសជាតិម៉ុងហ្គោលី នៅថ្ងៃទី១៤ ខែវិច្ឆិកា និងក្រោយមកចេញទៅទីក្រុងហុងកុង។

ចំពោះ ជំនួបទី៥ កម្ពុជា ត្រូវប៉ះជាមួយ ហុងកុង សារជាថ្មីនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅកីឡដ្ឋាន Hong Kong Stadium ទីក្រុងហុងកុង វិញម្ដង ខណៈត្រឹមជុំទី១ កម្ពុជា រកបានតែ ១ពិន្ទុប៉ុណ្ណោះ ពោលគឺស្មើជាមួយ ហុងកុង នេះផ្ទាល់តែម្ដងកាលពីពាក់កណ្ដាលខែកញ្ញា កន្លងទៅថ្មីៗនេះ នៅលើទឹកដីកម្ពុជា៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់