Suphanat Mueanta មិនអាចជួយ U-19 ថៃ ពេលប៉ះកម្ពុជា និងម៉ាឡេស៊ី បន្ទាប់ពីត្រូវត្រលប់ទៅជួយឈុតធំថៃវិញ

មាស សុផាណារ៉ុង November 5, 2019


 

ភ្នំពេញ៖ កីឡាករ Suphanat Mueanta ដែលជាសមាជិកនៃក្រុមជម្រើសជាតិថៃឈុតធំ ដែលមានឈ្មោះមកជួយក្រុមជម្រើសជាតិថៃ អាយុក្រោម១៩ឆ្នាំ ប្រកួតក្នុងវគ្គជម្រុះពានរង្វាន់ជម្រើសជើងឯកយុវជនអាស៊ី អាយុក្រោម ១៩ឆ្នាំ ( 2020 AFC U-19 Championship qualification ) ប្រចាំពូល G ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះ ត្រៀមត្រលប់ទៅចូលរួមជាមួយឈុតធំ វិញ បន្ទាប់មានឈ្មោះក្នុងបញ្ជី ២៤នាក់ចុងក្រោយ។

កីឡាករដែលទើបតែរកគ្រាប់បាល់បាន ៤គ្រាប់ ពេលប៉ះជាមួយ U-19 ព្រុយណេ កាលពីរសៀលថ្ងៃទី០៤ វិច្ឆិកា ម្សិលមិញ រូបនេះមានឈ្មោះក្នុងបញ្ជីបឋម ៣២នាក់ របស់ថៃតាំងពីថ្ងៃទី២៤ ខែតុលា មុននឹងជម្រុះមកនៅត្រឹម ២៤នាក់នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ខណៈតាមគម្រោងកីឡាករវ័យ ១៧ឆ្នាំរូបនេះ ត្រូវត្រលប់ទៅចូលរួមជាមួយឈុតធំវិញ នៅក្រោយការប្រកួតជាមួយ U-19 កោះម៉ារីណាខាងជើង ដែលធ្វើឡើងនៅរសៀលថ្ងៃទី០៦ ស្អែកនេះ។

ដូច្នេះបានសេចក្ដីថា សម្រាប់ ២ប្រកួតដែលនៅសេសសល់របស់ថៃ សមាជិករបស់ក្លឹប Buriram ផងដែររូបនេះ នឹងមិនអាចនៅជួយក្រុមបានឡើយ ពោលគឺចំពេលប្រកួតជាមួយ កម្ពុជា នៅថ្ងៃទី០៨ និងប្រកួតចុងក្រោយជាមួយ ម៉ាឡេស៊ី នៅថ្ងៃទី១០ ខែវិច្ឆិកា។

គួរដឹងដែរថា កីឡាករ Suphanat Mueanta រូបនេះបច្ចុប្បន្នកំពុងក្លាយជាកីឡាករវ័យក្មេងដែលលេចធ្លោទាំងលីគថៃ និងក្រុមជម្រើសជាតិ​ដោយបានជាប់ជម្រើសជាតិឈុតធំ នៅឆ្នាំ២០១៩ នេះ រួមជាមួយការបង្ហាញខ្លួន ៣លើកផងដែរ និងជាមួយក្លឹប Buriram របស់ខ្លួនវិញ បង្ហាញខ្លួនបាន ៣២ប្រកួត ទាត់ចូលទី ១០គ្រាប់។

Suphanat Mueanta ដែលបានចាប់ផ្ដើមអាជីពបាល់ទាត់ជាយុវជនរបស់ Buriram កាលពីឆ្នាំ២០១៦ និងវិវត្តន៍ខ្លួនឡើងមកឈុតធំនៅឆ្នាំ២០១៨ មកនោះ បានប្រើពេលតែ២ឆ្នាំ ដើម្បីបំបែកកំណត់ត្រាផ្ទាល់ខ្លួនជាមួយក្លឹប ក៏ដូចជាជាមួយក្រុមជម្រើសជាតិថៃ អាយុក្រោម២៣ឆ្នាំ។

យោងតាមវិបសាយ Thai League បានបញ្ជាក់ថាចាប់តាំងពីឆ្នាំ២០១៨ Suphanat Mueanta បានបំបែកកំណត់ត្រាដល់ទៅ៥ ក្នុងនាមជាកីឡាករក្មេង ដែលរួមមាន៖

  • ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ : ក្លាយជាកីឡាករក្មេងជាងគេ ដែលបង្ហាញខ្លួនក្នុងលីគកំពូលថៃ ត្រឹមវ័យ ១៥ឆ្នាំ ៨ខែ និង២២ថ្ងៃ
  • ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ : ក្លាយជាកីឡាករក្មេងជាងគេទាត់បញ្ជូលទីក្នុងលីគកំពូលថៃ ត្រឹមវ័យ ១៥ឆ្នាំ ៩ខែ និង២៥ថ្ងៃ
  • ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ : ក្លាយជាកីឡាករថៃ ដែលក្មេងជាងគេមានឱកាសបង្ហាញខ្លួនក្នុងពានក្លឹបបាល់ទាត់ធំលំដាប់ទី១ ប្រចាំទ្វីបអាស៊ី ( AFC Champions League ) ត្រឹមវ័យ ១៦ឆ្នាំ ៧ខែ និង១១ថ្ងៃ
  • ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ : ក្លាយជាកីឡាករក្មេងជាងគេបង្អស់ទាត់បាល់បញ្ជូលទីក្នុងពាន AFC U-23 វគ្គជម្រុះ ត្រឹមវ័យ ១៦ឆ្នាំ ៧ខែ និង២២ថ្ងៃ
  • ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ : ក្លាយជាកីឡាករក្មេងជាងគេបង្អស់ដែលទាត់បាល់បញ្ជូលទីក្នុងពានក្លឹបបាល់ទាត់ធំលំដាប់ទី១ ប្រចាំទ្វីបអាស៊ី ( AFC Champions League ) ត្រឹមវ័យ ១៦ឆ្នាំ ៨ខែ និង៧ថ្ងៃ

Suphanat Mueanta កើតនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០០២ នៅខេត្ត Sisaket និងលេងក្នុងតួនាទីជាខ្សែប្រយុទ្ធ ជាមួយនឹងកម្ពស់ ១,៧៥ម៉ែត្រ។ ក្រៅតែពីភាពលេចធ្លោជាមួយ Buriram United កីឡាកររូបនេះ ក៏ធ្វើបានល្អជាមួយជម្រើសជាតិថៃ ឈុតយុវជនផងដែរ ដូចជា U-16 បង្ហាញខ្លួនបាន ១៦ប្រកួត ទាត់ចូលទីបាន ១៩គ្រាប់ ជាមួយ U-19 បង្ហាញខ្លួនបាន ៦ប្រកួត ទាត់បញ្ជូលទីបាន ៤គ្រាប់ និងជាមួយ U-23 ទាត់ចូលទី១គ្រាប់ ក្នុងការបង្ហាញខ្លួន ១ដង៕

 

ចុចអានអត្ថបទ៖ វ័យទើប១៦ឆ្នាំ តែសមាជិករបស់ Buriram រូបនេះបំបែកកំណត់ត្រាសំខាន់ៗដល់ទៅ៥ ទាំងក្នុងស្រុក នៅក្រៅស្រុក

 

រូបភាព៖ BURIRAM UNITED | FA Thailand

អត្ថបទ៖ ណារ៉ុង

មតិយោបល់