ជម្រើសជាតិកម្ពុជា ចេញបញ្ជីឈ្មោះត្រៀមជួបហុងកុង ជាមួយសមាសភាពប្រែប្រួលគួរឲ្យកត់សម្គាល់

មាស សុផាណារ៉ុង November 4, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករចំនួន ២៣នាក់ចុងក្រោយជាផ្លូវការ ដើម្បីប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងវគ្គជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) ជាមួយហុងកុង។

កីឡាករទាំង ២៣នាក់នេះរួមមាន មកពីយុវជននៃក្លឹបបាល់ទាត់នៅលីគកំពូលកម្ពុជា ដូចជាក្រសួងការពារជាតិ ( ២នាក់ ) , ព្រះខ័នរាជស្វាយរៀង ( ៣នាក់ ) , ភ្នំពេញក្រោន ( ៣នាក់ ) , បឹងកេតអែហ្វស៊ី ( ៤នាក់ ) , វិសាខា ( ៥នាក់ ), ណាហ្គាវើលដ៍ ( ៤នាក់ )  រួមទាំង យុវជនពីសាលាបាល់ទាត់ជាបាទី ១នាក់ និងពីលីគម៉ាឡេស៊ី ផងដែរ។

ជាការកត់សម្គាល់ កីឡាករ ចាន់ វឌ្ឍនាកា ពុំត្រូវបានកោះហៅចូលក្រុមជម្រើសជាតិសារជាថ្មី ស្របពេលដែល អ៊ុក សុវណ្ណ, សឿត បារាំង, ហួយ ផល្លីន និង ដាវ នីម ជាដើមក៏ពុំត្រូវបានកោះហៅចូលផងដែរ ដ្បិតប៉ុន្មានលើកកន្លងមកតែងតែមានឈ្មោះក្នុងក្រុមជារឿយៗ។

ចំពោះកីឡាករ កាន់ វិសាល ត្រូវបានកោះហៅចូលក្រុមជាថ្មីដ្បិតកន្លងមកធ្លាប់មានឈ្មោះកោះហៅក្នុងបញ្ជីបឋមដូចគ្នា ប៉ុន្តែក្រោយមកត្រូវបានជម្រុះចេញ។ រឿងដែលគួរឲ្យចាប់អារម្មណ៍មួយទៀត កីឡាករ លី វ៉ាហេទ និង ស៊ិន កក្កដា ដែលធ្លាប់តែជាសមាជិកជារឿយៗត្រូវបានកោះហៅចូលក្រុម តែមួយរយៈចុងក្រោយនេះខកខាន ក៏មានឈ្មោះក្នុងបញ្ជីសារជាថ្មីផងដែរ។

បញ្ជីឈ្មោះកីឡាករ ទាំង២៣រូបចុងក្រោយ៖

សូមបញ្ជាក់ថា ការប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់ដដែលខាងលើនេះ កម្ពុជា ស្ថិតនៅពូល C ជាមួយក្រុមខ្លាំងៗដូចជា ជម្រើសជាតិអ៊ីរ៉ង​, ជម្រើសជាតិអ៊ីរ៉ាក​, ជម្រើសកោះហុងកុង និងជម្រើសជាតិ​បា​រ៉ែ​ន ត្រឹមជុំទី១ គឺរកបានតែ ១ពិន្ទុប៉ុណ្ណោះ ពោលគឺស្មើជាមួយ ហុងកុង នេះផ្ទាល់តែម្ដងកាលពីពាក់កណ្ដាលខែកញ្ញា កន្លងទៅថ្មីៗនេះ នៅលើទឹកដីកម្ពុជា។

ចំពោះ ជំនួបទី៥ កម្ពុជា ត្រូវប៉ះជាមួយ ហុងកុង សារជាថ្មីនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅកីឡដ្ឋាន Hong Kong Stadium ទីក្រុងហុងកុង វិញម្ដង ប៉ុន្តែមុនប៉ះ ហុងកុង ក្រុមជម្រើសជាតិកម្ពុជា ក៏នឹងប្រកួតមិត្តភាពកម្ដៅសាច់ដុំមួយប្រកួតផងដែរ ជាមួយជម្រើសជាតិម៉ុងហ្គោលី នៅកីឡដ្ឋានជាតិ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់