ឯកឧត្តម ហ៊ុន ម៉ានី៖ កីឡដ្ឋានកំពង់ស្ពឺ នឹងបើកការដ្ឋានសាងសង់ នាថ្ងៃទី១៥-ធ្នូខាងមុខ

មាស សុផាណារ៉ុង November 4, 2019


 

កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ស្ពឺ បានប្រកាសជាផ្លូវការថា កីឡដ្ឋានកំពង់ស្ពឺ នឹងរៀបចំពិធីក្រុងពាលី បើកកដ្ឋានសាងសង់ផ្លូវការ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ឆាប់ៗខាងមុខ ។

ការប្រកាសនេះ បានធ្វើឡើងក្នុងឱកាសឯកឧត្តម បានចូលរួមជាគណៈអធិបតីក្នុងព្រឹត្តិការណ៍ប្រដាល់អន្ដរជាតិ Khmer Fight នៅខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកា។ ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា៖ «ខ្ញុំសូមបញ្ជាក់ថា ចំពោះស្ដាត ដែលយើងត្រូវកសាងនៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៥ ខែធ្នូខាងមុខ យើងនឹងប្រារព្ធពិធីក្រុងពាលី ដើម្បីចាប់ផ្ដើមនូវការសាងសង់ ដើម្បីខេត្តកំពង់ស្ពឺរបស់យើង។»

គួរបញ្ជាក់ថា កីឡដ្ឋានកំពង់ស្ពឺ ដែលត្រៀមបើកការដ្ឋានសាងសង់នាពេលឆាប់ៗខាងមុខ គឺស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ហើយការស្ថាបនា គឺទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនណាហ្គាវើលដ៏។

បើតាមការបញ្ជាក់របស់តំណាងក្លឹបបាល់ទាត់ណាហ្គាវើលដ៏ បន្ទាប់ពីកីឡដ្ឋាននេះសាងសង់រួច ពួកគេនឹងត្រៀមប្រើប្រាស់កីឡដ្ឋាននេះជាទឹកដីផងដែរ បន្ទាប់ពីមានការឯកភាពគ្នាជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ និងឯកឧត្តម ហ៊ុន ម៉ានី ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់