គីរីវង់សុខសែនជ័យ ត្រៀមបង្កើតថ្នាល ២ កម្រិត ដោយផ្ដល់អាទិភាព សម្រាប់ក្មេងៗខេត្តតាកែវ

មាស សុផាណារ៉ុង November 4, 2019


 

ភ្នំពេញ៖ បន្ទាប់ពីវិវត្តន៍ខ្លួនរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងឆ្នាំ២០១៩ ក្លឹបគិរីវង់សុខសែនជ័យ បានបង្ហើបនូវដំណឹងល្អមួយ សម្រាប់ក្មេងៗខេត្តតាកែវ ដែលចង់ក្លាយជាកីឡាករបាល់ទាត់ ដោយក្លឹបគ្រោងបង្កើតក្រុមយុវជនថ្នាល ២ កម្រិតអាយុ នាឆ្នាំក្រោយ។ នេះបើតាមការបញ្ជាក់របស់លោក សុខ សប្បាយណា អនុប្រធានក្លឹបឈរចំណាត់ថ្នាក់លេខ៩ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៩។

ថ្លែងក្នុងពិធីជួបជុំអាហារសាមគ្គី ក្រោយប្រកួតបិទរដូវកាល ជាមួយក្រុមបឹងកេត កាលពីចុងសប្ដាហ៍កន្លងទៅ លោក សុខ សប្បាយណា បានបង្ហាញអារម្មណ៍រីករាយ ចំពោះលទ្ធផលខាងលើ ទោះបីមិនសូវគាប់ប្រសើរ តែលោកបានទទួលយកនូវការខំប្រឹងរបស់កីឡាករម្នាក់ៗ ក៏ដូចជាគ្រូ ហើយនៅរដូវកាលថ្មី លោកនឹងធ្វើការពង្រឹងបន្ថែមលើការងារមួយចំនួន ពិសេសគឺគម្រោងបង្កើតក្រុមយុវជនថ្នាល ដែលក្លឹបនឹងផ្ដល់អាទិភាពពិសេសសម្រាប់យុវជនខេត្តតាកែវផ្ទាល់តែម្ដង។

អនុប្រធានខាងលើបញ្ជាក់ថា «ជំហានដំបូងនេះ យើងចង់ធ្វើ Academy ចំនួន ២ កម្រិត ដែលខ្ញុំសូមមិនទាន់បង្ហាញសិន ព្រោះយើងត្រូវធ្វើការសិក្សាបន្ដិច ថាតើយើងគួរធ្វើបែបណា? ខ្ញុំធ្វើនេះ មិនមែនតែធនធានកីឡាករស្រុកគិរីវង់មួយទេ គឺខ្ញុំចង់ផ្ដល់ឱកាសដល់ក្មេងនៅខេត្តតាកែវ ចូលរួមបង្ហាញសក្ដានុពលរបស់ខ្លួន។ ចំពោះថា យើងនឹងធ្វើបែបណា យើងកំពុងពិចារណាបន្ថែមទៀត តែភាគច្រើនយើងនឹងផ្ដល់ឱកាសដល់យុវជនខេត្តតាកែវ ព្រោះយើងនៅមូលដ្ឋាននៅខេត្តតាកែវស្រាប់។»

ទន្ទឹមជាមួយការបង្ហើបនូវដំណឹងល្អខាងលើ ក្លឹបក៏ត្រៀមធ្វើការពង្រឹងបន្ថែមលើធនធានទុន កីឡាករ និងហេដ្ឋារចនាសម្ព័ន្ធទីលានរបស់ខ្លួន ដើម្បីពង្រឹងសមត្ថភាព និងត្រៀមខ្លួនឲ្យកាន់តែល្អប្រសើរ ចូលរួមប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន និងលីគកំពូលកម្ពុជា នារដូវកាលថ្មី ឆ្នាំ២០២០ ផងដែរ ។ នេះបើតាមការបន្ថែមរបស់លោក សុខ សប្បាយណា៕

 

អត្ថបទ៖ បុត្រា

មតិយោបល់