លោក មាស ចាន់ណា ថាព្រះខ័នរាជស្វាយរៀង ធ្វើបានល្អឥតខ្ចោះ ព្រោះកត្ដាទាំងនេះ

មាស សុផាណារ៉ុង November 4, 2019


 

ភ្នំពេញ៖ ទោះបីក្រុមណាហ្គាវើលដ៏ បានបំបែកកំណត់ត្រាមិនស្គាល់ចាញ់របស់ក្រុមព្រះខ័នរាជស្វាយរៀង បានសម្រេចក្នុងជំនួបបញ្ចប់រដូវកាល នៃលីគកំពូលកម្ពុជា កាលពីចុងសប្ដាហ៍មុន ដោយជ័យជម្នះ ២-១ ក៏ពិតមែន តែគ្រូបង្វឹកលោក មាស ចាន់ណា នៅតែស្ងើចសរសើរ ចំពោះក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ ពិតជាធ្វើបានល្អមែនទែន ក្នុងរដូវកាលឆ្នាំ២០១៩។

ទន្ទឹមជាមួយគ្នា គ្រូបង្វឹកក្រុមណាហ្គាវើលដ៏ដដែល បានបញ្ចេញនូវទស្សនៈផ្ទាល់ខ្លួន ដោយមើលឃើញពីចំណុចពិសេសៗជាច្រើន ដែលនាំឲ្យក្រុមព្រះខ័នរាជស្វាយរៀង ធ្វើបានយ៉ាងល្អ ជាមួយការលើកពានលីគកំពុលកម្ពុជា ស្ទើរមិនស្គាល់ពាក្យ ដោយផ្ដើមចេញពីថ្នាក់ក្រោម រហូតដល់ថ្នាក់ដឹកនាំ ពិសេសគ្រូបង្វឹក ទើបធ្វើឲ្យពួកគេ ទទួលបានជោគជ័យ មុនបញ្ចប់ការប្រកួត ២សប្ដាហ៍។

លោកលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំមើលឃើញភាពជោគជ័យរបស់ស្វាយរៀង គឺទាក់ទងនឹងកត្ដាច្រើន មានទាក់ទងនឹង Team Behind Team អ្នកនៅខាងក្រោយ មានន័យថា ការរៀបចំបានល្អ។ ខ្ញុំជឿថា ស្វាយរៀង គឺក្រុមរៀបចំបានល្អជាងគេ ទាក់ទងនឹងខាង IT, ការរៀបចំទម្រង់កីឡាករ, ទាក់ទង Analyze (វិភាគ), ហេដ្ឋារចនាសម្ព័ន្ធ, យុទ្ធសាស្ដ្រ និងចិត្តសាស្ដ្រជាដើម គឺស្វាយរៀងលើកគេ។ តែបើប្រៀបធៀបជាមួយវិសាខា អាចប្រហាក់ប្រហែលគ្នា តែខ្ញុំគិតថា ស្វាយរៀងល្អជាង ហេតុនេះទើបពួកគាត់មានឱកាសយកជើងឯក។»

ក្រឡេកទៅចាប់អារម្មណ៍លទ្ធផលណាហ្គាវើលដ៍ បានយកឈ្នះក្រុមព្រះខ័នរាជស្វាយរៀង ២-១ កាលពីថ្ងៃសុក្រកន្លងទៅវិញ លោក មាស ចាន់ណា បានលើកឡើងថា អាចមកពីសំណាងច្រើនជាង ព្រោះបើស្វាយរៀង មិនមមាញឹកការប្រកួត ក៏ដូចជាបារម្ភដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Hun Sen Cup ជាមួយបឹងកេតទេនោះ ក្រុមខ្លួនទំនងពិបាកយកឈ្នះណាស់ ពោលគឺអាចត្រឹមស្មើ ឬពិបាកនឹងស្មើទៀតផង។

គួរបញ្ជាក់ថា លីគកំពូលកម្ពុជា ឆ្នាំ២០១៩ បានបញ្ចប់ទាំងស្រុងទៅហើយ ខណៈលទ្ធផលគឺក្រុមព្រះខ័នរាជស្វាយរៀង បានលើកពាន អមជាមួយលទ្ធផល ២៦ប្រកួតឈ្នះ២០ ស្មើ៥ និងចាញ់ ១ ហើយជើងឯករង បានទៅក្រុមវិសាខា ដែលរកបាន ៥៨ពិន្ទុ និងចំណាត់ថ្នាក់លេខ៣ បានទៅក្រុមណាហ្គាវើលដ៏ ដែលរកបាន ៥៥ពិន្ទុ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់